នេះជាករណីមួយដ៏មិននឹកស្មានដល់ ខណៈនារីជាគ្រូពេទ្យម្នាក់មានឈ្មោះថា MA បានសម្រេចចិត្តដុតហាងមិត្តប្រុសរបស់នាង ដែលបណ្តាលឲ្យមិត្តប្រុស និងឪពុកម្តាយរបស់គាត់ ស្លាប់ក្នុងអគ្គីភ័យគួរឲ្យអាសូរ។ រីឯមូលហេតុ គឺដោយសារនាងឈឺចាប់ខ្លាំង ព្រោះមិត្តប្រុសរូបនោះដែលមានឈ្មោះថា LE មិនព្រមរៀបការ បន្ទាប់ពីនាងមានផ្ទៃពោះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យ LE មិនរៀបការជាមួយ MA ក៏ដោយសារតែមានការរារាំងពីឪពុកម្តាយរបស់គាត់។ ហើយជាលទ្ធផល អគ្គីភ័យក៏បានឆក់យកជីវិតរូបគេ និងឪពុកម្តាយទាំងពីរនាក់តែម្តង។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃប៉ូលីសមេត្រូ តានហ្គេង លោក Kompol Abdul Rachim បាននិយាយថា “ករណីនេះត្រូវបានធ្វើឡើង គឺដោយសារតែជនល្មើសមានផ្ទៃពោះ ហើយឪពុកម្តាយរបស់ LE មិនយល់ស្របឲ្យកូនប្រុសរបស់ពួកគាត់រៀបការជាមួយជនល្មើស”។
លោកបានបញ្ជាក់ថា មានមនុស្ស ៥ នាក់ នៅក្នុងផ្ទះនៅពេលកើតហេតុ។ តែទោះយ៉ាងណា មានតែមនុស្សពីរនាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ គឺបងស្រីៗរបស់ LE ។ ចំណែកឪពុកម្តាយរបស់ LE ត្រូវបានគេដឹងថា បានកំពុងដេកលក់ ដូច្នេះពួកគេមិនអាចជួយសង្គ្រោះខ្លួនឯងបានទេ។
មុនពេលកើតហេតុអគ្គីភ័យ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ គេបានឃើញនាង MA បានឈ្លោះប្រកែកគ្នាជាមួយ LE យ៉ាងខ្លាំង ស្ថិតនៅមុខហាងនោះ។ បើតាមសាក្សីដែលរស់នៅជាមួយ LE បានប្រាប់ថា នាង MA បានចុះពីឡាន ហើយបានប្រាប់ទៅគ្រួសារគាត់ថា នាងនឹងដុតហាងនេះចោល។
នាង MA បានចាកចេញទៅ និងវិលត្រឡប់មកវិញ ក៏ស្រាប់តែឮសំឡេងផ្ទុះឡើងនៅខាងក្នុងហាង និងកើតមានអគ្គីភ័យឆាបឆេះឡើងសន្ធោសន្ទៅតែម្តង។ ភ្លាមៗនោះ ជនរងគ្រោះមិនមានពេលជួយសង្គ្រោះខ្លួនឯងបានទេ ព្រោះត្រូវបានរារាំងដោយភ្លើងដែលបានឆេះជាន់ផ្ទាល់ដី។
បន្ទាប់មកជនរងគ្រោះបានឡើងទៅជាន់ខាងលើ។ តែទោះយ៉ាងណាក៏ដោយ មានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលអាចរួចផុតជីវិត។ ចំណែក LE ជាមិត្តប្រុស និងឪពុកម្តាយរបស់គាត់ ត្រូវបានប្រកាសថាស្លាប់។
បន្ទាប់ពីអគ្គីភ័យត្រូវបានពន្លត់រួចមក ប៉ូលីសបានធ្វើការស៊ើបអង្កេត និងគ្រប់គ្រងចាប់ខ្លួនជនដៃដល់ និងបានរកឃើញវត្ថុតាងជាប្រភេទសាំងផងដែរ។
ផ្អែកលើការពិពណ៌នារបស់អ្នកលក់សាំង គឺនាង MA បានទិញសាំងលក់រាយ ១០ លីត្រ។ ទោះយ៉ាងណា នៅចំពោះមុខប៉ូលីស ជនដៃដល់បាននិយាយថា រូបនាងគ្រាន់តែបោះសាំងពីរដបទឹកសុទ្ធ ចូលក្នុងហាងប៉ុណ្ណោះ៕