ប៉ុន្មានថ្ងៃកន្លងមកនេះមានរឿងរ៉ាវទាក់ទងនឹងកាមេរ៉ាបង្កប់ក្នុងសណ្ឋាគារដល់ក្នុងបន្ទប់គេង ដែលវាជាការរំលោភដល់សិទ្ធិឯកជនធ្ងន់ធ្ងរ។ ការបង្កប់កាមេរ៉ាពេលខ្លះយើងមិនអាចមើលដោយភ្នែកទទេបានទេ
ដូច្នេះប្រសិនបើអ្នកទៅសម្រាកនៅសណ្ឋាគារ ឬផ្ទះសំណាក់ណាមួយត្រូវប្រុងប្រយ័ត្ន។ នេះជារបៀបមើលថាតើសណ្ឋាគារ ឬផ្ទះសំណាក់មានបង្កប់កាមេរ៉ាដែរឬអត់។
១. អង្កេតមើលជុំវិញខ្លួន វាជារឿងសំខាន់ត្រូវមើលថាតើកន្លែងអ្នកស្នាក់នៅមានបង្កប់កាមេរ៉ាដែរឬអត់។ ហើយកន្លែងដែលគេអាចបង្កប់កាមេរ៉ារួមមាន វត្ថុភ្ជួរលើជញ្ជាំង កន្លែងដោតព្រីភ្លើង ចង្កៀង ប្រអប់ក្រដាសអនាម័យ កញ្ចក់ និងឧបករណ៍ចាប់ផ្សែងពេលមានភ្លើងឆេះ។ល។
២. មើលទៅពន្លឺភ្លើងភ្លឹបភ្លែតៗ វិធីល្អបំផុតដើម្បីមើលថាតើមានកាមេរ៉ាបង្កប់ឬអត់ដោយបិទភ្លើងក្នុងបន្ទប់ទាំងអស់ ហើយមើលជុំវិញខ្លួនថាតើមានកត់សម្គាល់ឃើញពន្លឺភ្លើងភ្លឹបភ្លែតៗដែរឬអត់។ នោះដោយសារកាមេរ៉ាភាគច្រើនមានភ្លើង LED ដែលងាយនឹងមើលឃើញនៅពេលស្ថិតក្នុងស្ថានភាពងងឹត។
៣. ធ្វើការតេទូរស័ព្ទ កាមេរ៉ាបង្កប់អាចនឹងបង្កើតសំឡេងរំខាន ឬជ្រៀតជ្រែតការតេរបស់អ្នក នៅពេលអ្នកកំពុងតេទៅនរណាម្នាក់នៅជិតឧបករណ៍កាមេរ៉ា។
ត្រូវប្រាកដថាអ្នកដើរជុំវិញបន្ទប់ពេលកំពុងតេទូរស័ព្ទ ហើយនៅពេលអ្នកមានការរំខានដោយប្រការណាមួយនៅចំណុចដែលអ្នកដើរជិតនោះ ត្រូវឈប់តេ និងចាប់ផ្ដើមពិនិត្យមើលរកកាមេរ៉ាបង្កប់។
៤. ប្រើភ្លើងពិល អ្វីដែលអ្នកត្រូវធ្វើនោះគឺបិទភ្លើងក្នុងបន្ទប់ និងបើកភ្លើងពិលបញ្ជាំងជុំវិញបន្ទប់។ ប្រសិនបើអ្នកបញ្ចាំងចំកញ្ចក់កាមេរ៉ាបង្កប់ វានឹងចាំងភ្លើងជះមកវិញ។
៥. ជានិច្ចកាលត្រូវឆែកមើលកញ្ចក់ នេះជារឿងដែលអាក្រក់បំផុតដែលអាចកើតឡើង គឺពេលកាមេរ៉ាបង្កប់ក្នុងកញ្ចក់ថតសកម្មភាពពេលអ្នករួមមេត្រីគ្នា។ វាជាការល្អបំផុតត្រូវឆែកមើលកញ្ចក់ក្នុងបន្ទប់ទឹក។
វិធីដែលមើលកាមេរ៉ាបង្កប់ក្នុងកញ្ចក់ គឺដាក់ដៃលើកញ្ចក់មើលថាតើចំណាំងផ្លាតមានគម្លាតពីដៃដែរឬទេ បើមាននោះគឺជាកញ្ចក់ធម្មតា បើគ្មាននោះបង្កប់កាមេរ៉ាហើយ។
ដូច្នេះដើម្បីច្បាស់ក្នុងចិត្ត អ្នកត្រូវគោះកញ្ចក់សាកមើលថាតើសំឡេងវាណែន ឬសំឡេងប្រហោងក្នុង បើសំឡេងណែនវាជាកញ្ចក់ធម្មតា បើគោះទៅសំឡេងប្រហោងក្នុងអាចនឹងមានបង្កប់កាមេរ៉ាហើយ។
លោកអ្នកក៏អាចមើលវីដេអូពីរបៀបតេស្ដមើលកាមេរ៉ាក្នុងកញ្ចក់បន្ទប់ទឹកតាមវីដេអូខាងក្រោមនេះបានដែរ៕