លោក Senji Nakajima អាយុ៦១ឆ្នាំ មានប្រពន្ធ និងកូន២នាក់ ប៉ុន្តែលោកលួចមានប្រពន្ធចុង នៅខាងក្រៅផ្ទះ ដោយយកចិត្តទុកដាក់ថែរក្សា តែងតែនាំដើរកម្សាន្ត នៅទីកម្សាន្តជាច្រើន និងមានភាពស្និទ្ធស្នាល ជាងប្រពន្ធរបស់ខ្លួនទៅទៀត។
ប្រពន្ធចុងនោះ គឺជាតុក្កតាកៅស៊ូ២នាក់ ឈ្មោះ Saori និង Ekue ។
៦ឆ្នាំមកហើយ លោក Senji Najima បានចាកចេញឆ្ងាយ ពីក្រុមគ្រួសារ រស់នៅទីក្រុងណាហ្គាណូ ទៅធ្វើការនៅក្រុងតូក្យូ តែម្នាក់ឯង ដូច្នេះហើយ លោកទិញតុក្កតាកៅស៊ូចំនួន២ ធ្វើជាប្រពន្ធចុង ។
ពីដំបូងតុក្កតាទាំង២ គ្រាន់តែជាឧបករណ៍ បំបាត់ការអផ្សុករបស់លោក Senji Nakajima ដែលនៅឆ្ងាយពីផ្ទះប៉ុណ្ណោះប៉ុន្តែក្រោយមក លោកយកចិត្តទុកដាក់ ថែរក្សាប្រៀបដូចប្រពន្ធចុង ប្រៀបដូចជាមនុស្សពិតៗតែម្តង ។
នៅពេលទំនេរ លោក Senji Nakajima បាននាំតុក្កតាកៅស៊ូទាំង២ ទៅដើរកម្សាន្ត តាមទីកន្លែងផ្សេងៗ ដោយលោករុញតាមរទេះ រួមទាំងនាំទៅទិញ សម្លៀកបំពាក់ និងកក់សក់ផងដែរ ។
ក្រៅពីនេះ នៅពេលទទួលទានអាហារ ចេញទៅធ្វេីការ ឬត្រឡប់មកផ្ទះវិញ តែងតែស្វាគមន៍ប្រៀបដូចជាមនុស្សស្រី ពិតៗ ។ លោកធ្វើបែបនេះ ព្រោះគិតឃើញថា ពួកគេទាំង២នាក់ ដេកជុំគ្នាជាមួយលោក ដោយមិនដែលច្រណែន ទាស់ទែងគ្នាទេ ។
លោក Senji Nakajima និយាយថា «នាងទាំង២ មិនធ្លាប់ផិតក្បត់ និងមិនមែនជាមនុស្ស ដែលមើលឃើញតែលុយទេទើបធ្វើឱ្យខ្ញុំលង់ស្នេហ៍ ស្រឡាញ់ជាងមនុស្សពិតទៅទៀត ក្នុងពេលបច្ចុប្បន្ន» ៕