(ភ្នំពេញ)៖ តារាចម្រៀង សែម សង្វាត ដែលទស្សនិកជនខ្មែរស្គាល់ថា ជាម្ចាស់បទ «ជីវិតកម្មករឆ្លងដែន» បានទទួលមរណភាពហើយ នៅវេលាយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែតុលានេះ ដោយសារតែជំងឺប្រចាំកាយជាច្រើនមុខ។
បើតាមកូនប្រុសច្បងរបស់តារាចម្រៀង សែម សង្វាត គឺលោក សង្វាត រតនៈ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះថា ឪពុករបស់លោកគឺតារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពនៅយប់ ថ្ងៃទី៣០ឈានចូលថ្ងៃទី០១ ខែតុលា នៅវេលាយប់ម៉ោង១២៖១០នាទី ដោយសារជំងឺប្រចាំកាយ ក្នុងវ័យ៤៨ឆ្នាំ។
លោក សង្វាត់ រតនៈ បានបន្ថែមថា បច្ចុប្បន្នសពរបស់ឪពុកលោក កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅវត្តទឹកថ្លា ក្នុងរាជធានីភ្នំពេញ។ តែយ៉ាងណា លោកនៅមិនទាន់ច្បាស់នោះទេ ថានឹងបូជានៅថ្ងៃនេះឬយ៉ាងណា ព្រោះកំពុងតែសុំច្បាប់ពីការអាជ្ញាធរ ដើម្បីប្រារព្ធពិធីបុណ្យ។
គួរជម្រាបថា តារាចម្រៀង សែម សង្វាត បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺប្រចាំកាយជាច្រើនមុខ ដូចជា ជំងឺថ្លើម (ទាចទឹក), ជំងឺដំបៅក្រពះ និងរលាកពោះវៀន ជាពិសេសជំងឺថ្លើម គឺបានឈឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការទទួលមរណភាពរបស់តារាចម្រៀង សែម សង្វាត គឺបានធ្វើឲ្យមហាជនមានការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពជាបន្តបន្ទាប់ផងដែរ៕ ប្រភព៖ freshnews