ស្រ្តីម្នាក់បានបើករថយន្តធ្លាក់ចូលទឹកដែលកំពុងហូរខ្លាំង នៅចំណុចស្ពានមួយកន្លែង នៃខេត្តណាខន សាវ៉ាន់ ដែលបានបាក់ដោយសារទឹកជំនន់ បន្ទាប់ពីស្រ្តីរូបនោះបានបើករថយន្តយ៉ាងលឿន ដើម្បីនាំម្តាយទៅកាន់មន្ទីរពេទ្យ ដែលសូម្បីតែពុំបានមើលផ្លាកសញ្ញាព្រមានថា «ស្ពានបាក់»។ ហើយជាលទ្ធផល ម្តាយរបស់នាងបានស្លាប់នៅក្នុងរថយន្ត ខណៈកូនម្នាក់ដែលបានមកជាមួយ បានរួចជីវិត។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Suwadee Pansang នៅថ្ងៃទី២៨ ខែកញ្ញា បានបញ្ចេញវីដេអូឃ្លីបមួយ បង្ហាញស្រ្តីម្នាក់ត្រូវបានបោកបក់ដោយទឹកជំនន់ ខណៈអ្នកភូមិកំពុងព្យាយាមជួយសង្គ្រោះ បន្ទាប់ពីរថយន្ត Pickup របស់នាង បានធ្លាក់ចេញពីស្ពានដែលបានបាក់ដោយសារខ្សែទឹកហូរយ៉ាង
ខ្លាំង។ នៅក្នុងឃ្លីប ក៏បានឮអ្នកភូមិដែលកំពុងព្យាយាមជួយ បានស្រែកថា មិនអាចយករថយន្តនោះចេញបានទេ។ ប៉ុន្តែ ពួកគេអាចបើកទ្វារ ដើម្បីទាញជនរងគ្រោះនៅខាងក្នុងរថយន្ត។
ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ ម៉ែវ៉ុង ទៅកាន់ ឡាដយ៉ាវ សង្កាត់ វ៉ាង សាន ស្រុក ឡាដាវ ខេត្ត ណាខន សាវ៉ាន់។ មនុស្ស ៣នាក់ នៅក្នុងរថយន្ត ក្នុងនោះអ្នកនៅមានជីវិត គឺស្រ្តីវ័យកណ្តាលម្នាក់ (អ្នកបើកបរ) និងកូនម្នាក់របស់នាងនិងម្នាក់ទៀត ជាស្រ្តីវ័យចំណាស់ ត្រូវជាម្តាយរបស់នាង បានស្លា.ប់នៅក្នុងរថយន្ត។
មុនពេលកើតហេតុ ស្រ្តីរូបនោះបានបើករថយន្តយ៉ាងប្រញាប់ ដើម្បីនាំយកម្តាយទៅកាន់មន្ទីរពេទ្យ ខណៈម្តាយរបស់នាងកំពុងត្រូវបានជំងឺធ្វើទុក្ខខ្លាំង។ ប៉ុន្តែ ដោយសារបើករថយន្តពុំមានការប្រុងប្រយ័ត្ន ដែលសូម្បីមើលមិនឃើញផ្លាកសញ្ញាព្រមានពីស្ពានដែលបាក់នោះ ទើបបណ្តាលឲ្យកើតមានហេតុការណ៍ដ៏រន្ធ.ត់នេះឡើងតែម្តង៕