បាត់ដំបងៈ បុរសម្នាក់ត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ក្រោយពីបានប្រើកាំភ្លើងកែច្នៃបាញ់ទៅលើម្ដាយបង្កើត នៅក្នុងផ្ទះបណ្ដាលឱ្យបាត់បង់ជីវិត កាលពីយប់ថ្ងៃទី ៨ ខែសីហា នៅភូមិកូនព្រហ្ម ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ ថ្លែងពីម្សិលមិញថា ជនសង្ស័យឈ្មោះ ឈឿម សំណាង ភេទប្រុសអាយុ ២៦ ឆ្នាំ ចំណែកជនរងគ្រោះត្រូវជាម្តាយឈ្មោះ ធីវ មុនី អាយុ ៦២ ឆ្នាំ អ្នកទាំង ២ រស់នៅភូមិកូនព្រហ្ម ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកអធិការនគរបាលស្រុកគាស់ក្រឡ បានឱ្យដឹងថា នៅមុនពេលកើតហេតុក្នុងយប់ថ្ងៃទី ៨ ខែសីហា ជនសង្ស័យបានទៅគោះទ្វារឱ្យម្តាយរបស់គេបើកទ្វារ នៅវេលាម៉ោងជិត ១១ យប់។ ក្រោយពេលបើកទ្វារភ្លាម ជនសង្ស័យបានបាញ់សំដៅជនរងគ្រោះ ១ គ្រាប់ត្រូវចំដើមដោះខាងឆ្វេងបណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
លោកថ្លែងថា៖ «នៅយប់នោះជនសង្ស័យមិនដឹងមកពីណាមានទាំងកាំភ្លើងខ្យល់សម្រាប់បាញ់ត្រី មានគ្រាប់ព្រួញដែកប្រវែងប្រមាណ ៣ តឹកមកដល់ផ្ទះបានគោះទ្វារឱ្យម្តាយរបស់ខ្លួនបើកទ្វារ ដែលនៅក្នុងផ្ទះនោះក្រៅពីម្តាយគាត់នៅមានក្មេងម្នាក់ផងដែរ រីឯឪពុកមិននៅផ្ទះទេ។ អ៊ីចឹងពេលបើកទ្វារទៅជនសង្ស័យតម្រង់កាំភ្លើងបាញ់ទៅលើជនរងគ្រោះតែម្តង» ។
លោក ប៉ាង ហៀង បញ្ជាក់ថា ជនសង្ស័យជាមនុស្សបែកថ្នាំ ពេលខ្លះមានសតិដឹងខុសត្រូវ តែពេលខ្លះមិនដឹងខុសត្រូវទេ។ ក្រោយពេលបាញ់សម្លាប់ម្តាយហើយរូបគេបានរត់ទៅពួននៅផ្ទះរបស់ខ្លួនដែលនៅក្បែរនោះ តែត្រូវសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួន។ លោកថ្លែងថា៖ «ជនសង្ស័យឆ្លើយថា បាញ់ម្តាយរបស់ខ្លួនពិតមែន មូលហេតុដោយសារតែម្តាយរបស់គេជាអាប»។
លោកអធិការនគរបាលស្រុកគាស់ក្រឡថ្លែងថា ជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចបានសាកសួរ និងទទួលបានការបំភ្លឺច្បាស់ពីពលរដ្ឋនៅក្បែរកន្លែងកើតហេតុ៕
ប្រភព៖ postkhmer.com