ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តLesxus NX200t មួយគ្រឿង ក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តកូរ៉េដើរលក់ការ៉េម ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉េ រងការខូចខាតខ្ទេចទាំងស្រុង ចំណែកឯរថយន្តបង្កវិញបន្តល្បឿនទៅមុខ បុកបង្គោលភ្លើងក្រឡាប់ឆេះអស់ទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១B ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តកូរ៉េដើរលក់ការ៉េមមួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 2D -7735 បើកបរដោយប្តីប្រពន្ធ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១B ក្នុងទិសដៅពីកើតមកលិចបានបទឆ្វេងបម្រុងឆ្លងផ្លូវ ឡើងទៅទិសខាងកើតវិញ ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តLexus NX 200t មួយគ្រឿងទៀតពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BQ- 8772 បើកបរដោយបុរសម្នាក់
ធ្វើដំណើរបញ្រ្ចាសគ្នា ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តកូរ៉េដើរលក់ការ៉េម ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធ២នាក់ ជាម្ចាស់រថយន្តកូរ៉េ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯរថយន្តបង្កវិញ មិនទាន់អស់ល្បឿន បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរួចក្រឡាប់ឆេះរថយន្តអស់ទាំងស្រុង សល់តែគ្រោងឆ្អឹង សំណាងបានពលរដ្ឋនៅទីនោះ នាំគ្នាជួយវាយបំបែកកញ្ចក់ យកម្ចាស់រថយន្តLexus NX 200t ចេញពីរថយន្តទាន់ពេល មិនមានរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ បានចុះមកដល់ពិនិត្យជុំវិញកន្លែងកើតហេតុ បន្ទាប់មកក៏បានធ្វើកំណត់ហេតុ ហៅរថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋានខេត្តកណ្តាល រង់ចាំដោះស្រាយនៅពេលក្រោយ៕