លោក ច័ន្ទ រិទ្ធមេធានី ដែលជាតារាភាពយន្តជើងចាស់ មានឈ្មោះល្បីល្បាញនៅក្នុងទសវត្សរ៍ឆ្នាំ ៨០-៩០ ដោយបច្ចុប្បន្ននេះបានធ្លាក់ខ្លួនទៅប្រកបរបររត់កង់បី ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាលោកបានធ្លាក់ខ្លួនពីតារាល្បីមកប្រកបរបរនេះវិញ ។
បច្ចុប្បន្ននេះ លោក ច័ន្ទ រិទ្ធមេធានី ត្រូវបានគេដឹងថា កំពុងរស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ក្រុងភ្នំពេញ និង បានប្រកបរបររត់កង់ ៣ ឥណ្ឌាដើម្បីចិញ្ចឹមជីវិតខ្លួន និង គ្រួសារ ។
កាលពីដើមឆ្នាំ ២០២០ កន្លងទៅនេះ បើយោងតាមការបង្ហោះពីលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា ក្រោយពីវិស័យខ្សែភាពយន្តខ្មែរធ្លាក់ចុះកាលពីអំឡុងប្រមាណជាង ១០ ឆ្នាំមុននោះ បានធ្វើឱ្យទីផ្សារលោក ច័ន្ទ រិទ្ធមេធានី ត្រូវធ្លាក់ចុះគ្មានគេហៅថតសម្តែង ធ្វើឱ្យលោកត្រូវបង្ខំចិត្តរកមុខរបរថ្មី ដោយមកលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតគ្រួសារប្រចាំថ្ងៃ ។
បើងាកទៅអតីតកាល កំលុងឆ្នាំ ២០០០ លោក ច័ន្ទ រិទ្ធមេធានី បានចូលធ្វើការក្នុងភោជនីយដ្ឋានមួយកន្លែងនៅម្តុំបឹងត្របែក ដល់ឆ្នាំ ២០១៥ លោកក៏បានឈប់ ក្រោយភោជនីយដ្ឋាននោះបានបិទទ្វាររកស៊ី ។
បន្ទាប់ពីនោះលោក ច័ន្ទ រិទ្ធមេធានី ក៏បានផ្លាស់ប្តូរមុខរបរដោយជួលកង់បីគេមករត់ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសាររហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលមានរយៈពេលជា ៥ ឆ្នាំហើយមកទល់បច្ចុប្បន្ននេះ ។
ក្នុងគ្រារត់កង់បីនេះ បើតាមការឱ្យដឹងទៀតនោះ គឺលោកទទួលបានប្រាក់ចំណូលមិនទៀតទាត់ឡើយ ជួនថ្ងៃខ្លះក៏រត់បានគ្រាន់បើ និង ថ្ងៃខ្លះក៏រត់មិនសូវបានកម្រៃច្រើនប៉ុន្មានដែរ ព្រោះមានការប្រជែងម៉ូយគ្នា និង ម្យ៉ាងដោយសារស្ថានភាពស្រុកទេសកំពុងប្រឈមនឹងវិបត្តិកូវីដ ១៩ ផង កាន់តែធ្វើឱ្យមុខរបរគាត់គាំង រត់មិនបានឡើយ ។
ក្នុងជីវិតកំពុងប្រកបរបររត់កង់បីចិញ្ចឹមជីវិតខ្លួន និង គ្រួសារនេះ តារាសម្តែង ច័ន្ទ រិទ្ធមេធានី ក៏កំពុងមានជំងឺប្រចាំកាយរួមរឹតខ្លួនដែរ ដោយជំងឺលើសឈាម និង ទឹកនោមផ្អែម ដែលធ្វើឱ្យលោកមានការខ្វះខាតក្នុងជីវភាពកាន់តែខ្លាំងក្នុងការព្យាបាលផងដែរ ។
គួរឱ្យដឹងដែរថា លោក ច័ន្ទ រិទ្ធមេធានី គឺធ្លាប់ជាតារាសម្តែងដ៏មានឈ្មោះល្បី និង មានរូបរាងស្រស់សង្ហាម្នាក់ ជំនាន់លោក ទេព រិន្ទដារ៉ូ សម ដារា ពេជ្រ ភារុន យុត្ថារ៉ា ឆានី ខៃ ប្រសិទ្ធ និង តួឯកប្រុសល្បីៗមួយចំនួនទៀត ហើយរាល់កុនខ្មែរដែរមានវត្តមានលោកសម្តែងតែទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនខ្មែរ ៕
ប្រភព៖ ប្រជាប្រិយ