កាលពីពេលថ្មីៗនេះ មហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ ជាខ្លាំង បន្ទាប់ពីបានឃើញយានដ្ឋានជួសជុលរថយន្តមួយកន្លែងច្នៃរថយន្ត Toyota Celica ស៊េរីចាស់ឆ្នាំ២០០០ មួយគ្រឿង ឲ្យទៅជារថយន្តស៊េរីទំនើបម៉ាក Lamborghini យ៉ាងស្រស់ស្អាត ស្ទើរមិនគួរឲ្យជឿ។
តាមរយៈទំព័រហ្វេសប៊ុកយានដ្ឋានជួសជុលរថយន្តខាងលើមានឈ្មោះ «KARAS auto ការ៉ាស់ អូតូ» បានឲ្យដឹងថា ការច្នៃរថយន្ត Toyota Celica ស៊េរីចាស់ ឲ្យទៅជារថយន្តស៊េរីទំនើបម៉ាក Lamborghini យ៉ាងស្រស់ស្អាតនេះ រួចរាល់១០០%ហើយ ឯតម្លៃក្នុងការកែច្នៃនោះ អស់ប្រមាណ ៨ ៥០០ដុល្លារ។
បន្ទាប់ពីបានឃើញគំនិតច្នៃប្រឌិត ច្នៃរថយន្តស៊េរីចាស់ ឲ្យទៅជារថយន្តស៊េរីទំនើបទាន់សម័យ ហើយដូចបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះអារម្មណ៍ កោតសរសើរពីទឹកដៃជាងគ្រប់ៗគ្នា ហើយនិយាយទៀតថាខ្មែរយើងពូកែណាស់៕