ប្រិយមិត្តបានស្គាល់រួចហើយ ពីតារាកំប្លែងនាយ ចយ ដែលបច្ចុប្បន្ន តារាកំប្លែងរូបនេះ កំពុងមានគ្រួសារតូចមួយដ៏សែនកក់ក្តៅ បន្ទាប់ពីលោកបានរៀបការជាមួយភរិយាដ៏ស្រស់ស្អាតម្នាក់ អស់រយៈពេលជិត ៤ ឆ្នាំ មកហើយ និងទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនប្រុសម្នាក់។
ពិតណាស់ តារាកំប្លែងរូបនេះ ក្រៅពីអាជីពជាតារាកំប្លែងក្នុងក្រុមនាយក្រឹម ក៏ត្រូវបានដឹងថា លោកមានតួនាទីបម្រើការងារនៅក្នុងជួរមន្រ្តីយោធាផងដែរ។ នេះបើតាមរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានគេបង្ហោះចែកចាយលើហ្វេសប៊ុក បង្ហាញនាយចយ ក៏មានវត្តមានស្ថិតក្នុងចំណោមមន្រ្តីជាច្រើនរូប នៅក្នុងពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ នៅទីក្រុងកោះពេជ្រ។
នាយ ចយ បានធ្វើឲ្យមហាជនរំជួលចិត្តតាម ខណៈនាយពុំបាននៅជិតប្រពន្ធកូន ដោយត្រូវទៅបំពេញការងារនៅកន្លែងឆ្ងាយ និងបានត្រឹមតែមើលមុខប្រពន្ធកូន តាមរយៈវីដេអូខលនៅលើហ្វេសប៊ុកតែប៉ុណ្ណោះ ហើយនៅពេលនោះ នាយពិតជារំជួលចិត្តឡើងស្រក់ទឹកភ្នែកម៉ាត់ៗតែម្តង ព្រោះតែនាយបានបែកពីប្រពន្ធនិងកូនជាទីស្រឡាញ់ អស់រយៈពេលជាច្រើនខែមកហើយ។
បើតាមភរិយានាយ ចយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះរៀបរាប់យ៉ាងដូច្នេះថា៖ «គាត់មិនងាយនឹងស្រក់ទឹកភ្នែកទេ តែនេះគាត់ទ្រាំលែងបានហើយ នឹកកូន ចង់អោបថើបកូន តែបានត្រឹមសម្លឹងមើលកូនពីចំងាយ ទ្រាំតិចទៅប្តី មិនយូរទេបងបានអោប ថើបកូនវិញហើយ គ្រាន់ឃើញមុខប៉ាភ្លាម ហៅ ប៉ាៗផ្ទះ (ទះដៃអរស្មានប៉ាៗមកផ្ទះ) ខំធ្វើការណាប្តី I love you papa»។
ទោះយ៉ាងណា គេពុំបានដឹងថា នៅពេលនេះ នាយ ចយ បាននិងកំពុងបំពេញការងាររបស់ខ្លួន ទៅដល់ទីណានោះទេ ខណៈភរិយារបស់នាយ បានត្រឹមប្រាប់តាមរយៈខមិនថា «ទៅកន្លែងធ្វើការ» និងក៏បានបញ្ជាក់ឲ្យដឹងទៀតថា ប្តីរបស់នាងបានឃ្លាតឆ្ងាយពីប្រពន្ធកូនអស់រយៈពេល ៣ ខែ ហើយ៕
អត្ថបទ៖ phteasdara