កណ្តាល៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យ ដែលមានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីសំណាក់ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបំបែកសំណុំរឿង គំរាមកំហែងហែកកេរ្ដិ៍ និង ចែកចាយរូបអាក្រាតកាយជាសាធារណៈ បានហើយ និង ឃាត់ខ្លួនជនសង្ស័យម្នាក់។
ប្រតិបត្តិការចុះបំបែកសំណុំរឿងនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងថ្ងៃកើតហេតុនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរនៅផ្ទះ។
ជនសង្ស័យឈ្មោះ អ៉ឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រើអាខោនហ្វេសប៊ុក ឈ្មោះ “កូននាក់ព្រៃវែង កូនអ្នកស្រែ និង Sav Van Ryzin”។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់CPC NEWS ថា នៅថ្ងៃខែមិនចាំ ឆ្នាំ២០១៧ ជនរងគ្រោះ បានស្គាល់និងធ្វេីការក្នុងរោងចក្រជាមួយឈ្មោះ អ៉ឹម អូន នៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយមកក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា ។
បន្ទាប់ពីស្រលាញ់គ្នា បានមួយរយៈមក នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៨ អ្នកទាំងពីរបានរួមរស់ជាមួយគ្នា ហើយឈ្មោះ អ៉ឹម អូន តែងតែថតរូបអាក្រាតកាយរបស់ជនរងគ្រោះទុក។
នៅមុនពេលចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ ឈ្មោះធឿន ស្រីស្រស់ បានដឹងថាឈ្មោះ អ៉ឹម អូន មានប្រពន្ធ និង មានកូនពីរនាក់ទៀត នាងក៏សុំបែកគ្នាប៉ុន្តែឈ្មោះនេះមិនព្រម ទេ ថែមទាំង និយាយគំរាមកំហែងថា បេីអញមិនបានអ្នកណាក៏មិនបានដែរ ហេីយបេីហ៊ានរៀបការ និងធ្វេីអោយខូចកេរ្តិឈ្មោះ តែម្ដង ។
លុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ បានភ្ជាប់ពាក្យជាមួយឈ្មោះ ហាក់ ឡុងហេង ក្រោយពីភ្ជាប់ពាក្យរួចបាន២ថ្ងៃ ឈ្មោះអ៉ឹម អូន បានឆាតប្រាប់នាងថា មិនអោយរៀបការទេ បេីមិនដូច្នោះ ខ្លួននឹងធ្វេីអោយនាងត្រូវសងបណ្ណាការគេនិងគំរាមសម្លាប់ជាច្រើនលេីកច្រេីនសារ ដោយឈ្មោះនេះបានប្រេីអាខោនហ្វេសប៊ុក ឈ្មោះ Sav Van Ryzin
និងឈ្មោះកូននាក់ព្រៃវែងហេីយថែមទាំងផ្ញេីរូបអាក្រាតកាយរបស់ជនរងគ្រោះ ដែលធ្លាប់ដេកជាមួយខ្លួន ទៅគូរដណ្តឹងនិងបងប្អូនជាច្រេីននាក់ទៀត រហូតទាល់តែខាងគូរដណ្តឹងរបស់នាង បានសុំផ្តាច់ពាក្យនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ មិនព្រមរៀបការជាមួយនាងឡេីយ ទោះបីជា ជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០នេះក៏ដោយ។
ទង្វេីរបស់ឈ្មោះអ៉ឹម អូន ធ្វេីអោយឈ្មោះជនរងគ្រោះនិងក្រុមគ្រួសារត្រូវសងថ្លៃ បណ្ណាការទៅគូរដណ្តឹងនិងថ្លៃសំអាងការ,ចុងភៅ និងផ្សេងៗទៀតជាច្រេីន សរុបជិតមួយមុឺនដុល្លារ។
ជនសង្ស័យឈ្មោះ អុឹម អូន បានឆ្លើយសារភាពថា ខ្លួនពិតជាបានគំរាមកំហែងជនរងគ្រោះឈ្មោះ ធឿន ស្រីស្រស់ ថានឹងមិនឲ្យបានសេចក្ដីសុខទេ បើសិនជាហ៊ានរៀបការនៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ និងបានផ្ញើរូបអាក្រាតកាយ ដេកជាមួយគ្នាទៅឲ្យ បងប្អូន ឪពុក ម្ដាយ និងគូរដណ្ដឹង របស់ជនរងគ្រោះ បានដឹងទាំងអស់គ្នា ទៅអាខោនហ្វេសប៊ុកឈ្មោះ ១-srey ka 2-ណា រាជ ៣-ផាន់ ណា ៤-នួន វណ្ណី ពិតប្រាកដមែន ។
ករណីនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕