(ភ្នំពេញ)៖ ស្នងការដ្ឋានរាជធានីភ្នំពេញនៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺមួយថា ករណីចោរប្លន់ប្រដាប់អាវុធនៅផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវមុី នៅខណ្ឌពោធិ៍សែនជ័យនោះ មិនមានបាត់បង់ទ្រព្យសម្បត្តិរហូតដល់រាប់លានដុល្លារនោះទេ គឺបាត់បង់តែខ្សែកបីខ្សែប៉ុណ្ណោះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ និងសូមបញ្ជាក់ជូនសារធារណជនទាំងអស់ឱ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ ជាក់ស្តែងតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡេីយ គឺបាត់តែខ្សែក ៣ខ្សែ តែប៉ុណ្ណោះ»។
ករណីប្លន់នេះបានកើតឡើង នៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។
សមត្ថកិច្ចបានរៀបរាប់ទៀតថា ក្រោយធ្វើសកម្មភាពហើយនោះ ក្រុមចោរបានបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕ អត្ថបទ៖ Freshnews