ជនដៃដល់ម្នាក់ បានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅមួយ ដោយបានកាត់ក្បាលប្រពន្ធ កាលពីវេលាម៉ោង ២:៤៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ឧសភា នៅខណ្ឌទួលគោក ហើយរហូតមកដល់វេលាម៉ោងជិត ៣ រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នេះ កងកម្លាំងនគរបាលចម្រុះ បានស្រាវជ្រាវ និងតាមប្រមាញ់ ឈានដល់ការឃាត់ខ្លួន ជនដៃដល់ ដែលជាប្តីរបស់ស្ត្រីរងគ្រោះនោះ។
បើតាមប្រភពពីលោក សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថាៈ ក្រោមបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួល ផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាល ខេត្តតាកែវ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក អធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ បានតាមឃាត់ខ្លួន ជនសង្ស័យ បានហើយ នៅខណ្ឌព្រែកព្នៅ។
លោកបានបញ្ជាក់ថាៈ ជនសង្ស័យរូបនេះ បានសម្លាប់ប្រពន្ធរបស់ខ្លួន ដោយកាត់ក្បាល កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង ២:៤៥ នាទី រំលងអធ្រាត្រ នៅខណ្ឌទួលគោក។
លោកបានបញ្ជាក់ទៀតថាៈ បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងសាកសួរ និងកសាង សំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕