ប្រជាសហគមន៍ជនជាតិដើមភាគតិច ពូនង១២គ្រួសារ រស់នៅខេត្តមណ្ឌលគិរី បានដាក់ពាក្យប្តឹងលោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ហើយ ក្រោយពីលោកស្រី បាននិយាយប៉ះពាល់ដល់ពួកគេនោះ។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ក្នុងកម្មវវត្ថុថា សុំប្ដឹងឈ្មោះទ្រី ដាណា (Dana Try) ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ? ផ្លូវជាតិលេខ៥ ក្បែរស្ពានលីយ៉ុងផាត់ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីបទ ជេរប្រមាថមាក់ងាយជាសាធារណៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកផេកឈ្មោះទ្រី ដាណា Dana Tryត្រង់ចំណុចវីដេអូឡាយ ៣០.២៤ដល់២៦។
យោងតាមពាក្យបណ្ដឹងដដែលនេះ ឃើញថា លោកស្រី បានប្រដូចអតីតប្តី ឈ្មោះពូម៉ៅ ថា «អានេះ ចេញមកព្នងចុងស្រុកម៉ង» ពាក្យនេះ ត្រូវបានបងប្អូន ជនជាតិភាគតិច ពូនង ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និងទទួលយកពុំបាន ដោយថា បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរួមនឹងសេចក្ដីថ្លៃថ្នូររបស់ពួកគេ។
នៅក្នុងពាក្យបណ្ដឹងនោះ បានបញ្ជាក់ទៀតថា ដើម្បីលុបបំបាត់នូវផ្នត់គំនិតអវិជ្ជមានតាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរសម្រាប់ជនជាតិដើមភាគតិច ដែលពួកគេមិនបានប៉ះពាល់អ្វីទាល់សោះនោះ, ពួកគេ ក៏សម្រេចដូចខាងក្រោម៖
១, សុំឲ្យសុំទោសដល់ជនជាតិដើមភាគតិចព្នង ជាសាធារណៈ។ ២, សុំឲ្យបង់ប្រាក់ពិន័យចំនួន១០លានរៀល។ ៣, សុំឲ្យសងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារ។ ជុំវិញរឿងនេះ រហូតមកដល់រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ គេមិនទាន់ឃើញអ្នកស្រី ទ្រី ដាណា ឆ្លើយតបបែបណានៅឡើយទេ៕