ផ្ដើមចេញពីទំនាស់ពាក្យសម្ដីក្នុងពិធីខួបកំណើតអ្នកជិតខាង បន្ទាប់ពីមកដល់ផ្ទះបុរសជាប្ដីបានទាញកាំបិតផ្គាក់កាប់ប្រហារលើប្រពន្ធបណ្ដាលឲ្យស្លាប់មួយរំពេចន៍ រួចចង ក សម្លាប់ខ្លួនក្នុងបន្ទប់ទឹកតាមក្រោយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០និង៤៥នាទី នៅចំណុចរោងចាំចម្ការ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
យោងតាមការបំភ្លឺរបស់ឈ្មោះ អូន សុខគា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកសិករ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះ(ប្រពន្ធ) មានឈ្មោះ ចាន់ គួយ អាយុ៥៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ជនបង្ក(ប្តី)មានឈ្មោះ ផាន់ ពៅ អាយុ៥២ឆ្នាំ មុខរបរកសិករ ទីលំនៅជាមួយគ្នា បានចង ក ធ្វើអត្តឃាតក្រោយពេលប្រព្រឹត្តល្មើស។
មុនពេលកើតហេតុគ្រួសាររបស់គាត់រស់នៅទីនោះមានសមាជិក០៣នាក់ (ឪពុក ម្តាយ កូន) នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល៨និង៣០នាទីព្រឹក ពួកគាត់បានទៅផឹកស្រាបៀរនៅផ្ទះឈ្មោះ រី មានគ្នាប្រហែល ០៤នាក់ ក្រោយពីផឹកស្រាបៀរអស់ប្រហែល១កេស ពួកគាត់ក៏បន្ដទៅចូលរួមខួបកំណើតគេដោយផឹកប្រហែល០២-០៣កំប៉ុងទៀត។
ដោយស្រវឹងរៀងខ្លួនក៏បានទាស់ពាក្យសំដីគ្នាបន្ដិចបន្តួច ហើយក៏នាំគ្នាត្រឡប់មកផ្ទះវិញ ប៉ុន្តែឪពុកបានជិះម៉ូតូមកតែម្នាក់ឯង ដោយទុកឱ្យម្តាយនិងខ្លួនដើរមកវិញ។ ពេលមកដល់ផ្ទះពួកគាត់ ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បន្ទាប់មកឪពុកក៏បានយកកាំបិតផ្គាក់កាប់ទៅលើម្តាយ ចំ ក ផ្នែកខាងក្រោយ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចក៏បានប្រតាយប្រតប់ជាមួយខ្លួន ប៉ុន្តែខ្លួនក៏បានរើបម្រាស់រួច ហើយក៏រត់ចូលក្នុងព្រៃ។
ក្រោយមកឪពុកក៏បានទៅចង ក នៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅ ហើយខ្លួនក៏ដេកក្នុងព្រៃចម្ការមួយយប់ ពេលព្រឹកព្រលឹមក៏បានប្រាប់ទៅដល់អ្នករស់នៅក្បែរនោះឱ្យមកជួយមើល។
កម្លាំងប៉ុស្ដិ៍រដ្ឋបាលបានហ៊ុមព័ទ្ធកន្លែងកើតហេតុរង់ចាំនគរបាលជំនាញពិនិត្យ និងកោសល្យវិច័យ៕