ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត ខណៈដែលមុននេះមានដំណឹងថា ដោយសាររឿងបំណុលច្រើនពេក ទើបគ្រួសារតារាកំប្លែងលោកតា សង់ស៊ីស លើកដៃសំពះសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផងដែរ។
បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា នៅរសៀលថ្ងៃនេះ បានរៀបរាប់ថា អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែងសង់ស៊ីសស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេ ដែលជំពាក់មានចំនួនជាង១០ម៉ឺនដុលា្លរ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់លក់ ក្នុងតម្លៃ២២ម៉ឺនដុល្លារ។
លោកបានបញ្ជាក់ថា ព្រឹកមិញនេះខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះ បានជួបជាមួយតារាកំប្លែងលោកតា សង់ស៊ីស, អ្នកនាង កាឆយ, លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស។
ពេលទៅជួបពួកគាត់ គឺទម្រាំលើកដៃសុំឲ្យបងប្អូនជួយនេះ គឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំឲ្យបងប្អូនដែលមានថវិកាច្រើនជួយទិញផ្ទះគាត់ផង ព្រោះពីមួយថ្ងៃទៅមួយថ្ងៃរកចំណូលមិនបានហើយបើទុកយូរតទៀត គឺគ្មានលទ្ធភាពសងគេទេ ។
តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះ គឺដោយសារតែមួយរយៈមុននេះ គឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។ ប្រភពបញ្ជាក់ទៀតថា ចំណែកឯស្ថានភាពរបស់តារាកំប្លែងលោកតា សង់ស៊ីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ៕