(ភ្ណំពេញ)៖ សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងលទ្ធផល នៃចំណាត់ការរបស់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបេីកបុ.កបង្គោលភ្លេីង និងរបាំងពុះចែកផ្លូវ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០២ និង២០នាទី ត្រង់ចំណុចមុខវិហារចិន មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចជំនាញ បានចុះធ្វេីការពិនិត្យនៅជុំវិញ និងបរិវេណកន្លែងកេីតហេតុ ជាលទ្ធផលរកពុំឃេីញមានកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាពពេលកេីតហេតុនោះទេ ។ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វេីការនាំយករថយន្តបង្កហេតុយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វេីការកោះអញ្ជេីញម្ចាស់រថយន្តបង្ក ឱ្យចូលខ្លួនបំភ្លឺ និងទទួលខុសត្រូវ លេីករណីបង្កនេះ ។
ក្រោយពីធ្វេីការស្រាវជ្រាវ និងស្តាប់ចម្លេីយរបស់ឈ្មោះ ចិន ពុទ្ធឆាត ភេទប្រុស ជាតំណាងម្ចាស់រថយន្ត បានបញ្ជាក់ថាអ្នកបេីករថយន្តបង្កគ្រោះថ្នាក់ គឺឈ្មោះ ដេត ឫទ្ធី ភេទប្រុស ជាបងប្រុសបង្កេីតរបស់ម្ចាស់រថយន្ត ជាមួយនោះដែរឈ្មោះ ដេត ឫទ្ធី ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាអ្នកបេីករថយន្ត Roll Roy របស់ប្អូនស្រីគាត់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ដោយគាត់បានធ្វេីដំណេីរចេញពីហាងមួយកន្លែង នៅជិតផ្សារTK ក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ ដល់កន្លែងកេីតហេតុ បានជែងរថយន្តមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម និងបង្គោលភ្លេីងបំភ្លឺផ្លូវ ។
ដោយទទួលស្គាល់នូវកំហុស ជនបង្កក៏បានយល់ព្រម សម្របសម្រួលបញ្ចប់ ដោយបានសងសំណងទៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ម្យ៉ាងវិញទៀតករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡេីយ ជាមួយនោះដែរខាងមន្ទីរសាធារណ:ការ ក៏មិនបានដាក់ពាក្យបណ្តឹងលេីករណីនេះដែរ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសបញ្ជាក់ជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាបថា ការអនុវត្តច្បាប់ គឺយោងទៅលេីភស្តុតាងច្បាស់លាស់ មិនមែនជាការចោទប្រកាន់ខុស ឬត្រូវ ទៅតាមការគិត ឬនឹងឃេីញនោះទេ ។ បេីមានភស្តុតាងច្បាស់លាស់ សមត្ថកិច្ចជំនាញនឹងចាត់ការតាមវិធានការច្បាប់ ហេីយបេីគ្មានភស្តុតាងច្បាស់លាស់នោះទេ ក្នុងនាមជាអ្នកអនុវត្តច្បាប់មិនអាចចោទប្រកាន់បុគ្គលណាម្នាក់បានថា អ្នកនោះជាអ្នកបេីកបរ អ្នកនោះបេីកបរក្នុងស្ថានភាពស្រ.វឹ.ង ឬហេតុផលណាមួយដោយគ្មានភស្តុតាងបានឡេីយ ៕