កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ កើតមានហេតុការណ៍មួយកើតឡើង ដោយមានរថយន្តស៊េរីទំនើបមួយគ្រឿងបានដឹកពលករខ្មែរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសថៃចំនួន ២កន្លែង ហើយត្រូវបានប៉ូលិសថៃធ្វើការដេញតាមពីក្រោយ
ក្នុងល្បឿនលឿនក៏រេចង្កូចធ្លាក់ចូលក្នុងស្រះទឹកតែម្តង ហើយយ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន ៤នាក់បានបាត់បង់ជីវិត និង ៤នាក់ទៀតរងរបួសផងដែរ ដែលហេតុការណ៍នេះស្ថិតនៅក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ។
យោងតាមបានរាយការណ៍បន្ថែមពីហេតុការណ៍នេះថា រថយន្តក្រឡាប់ត្រូវបានត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងកំពុងសួរចម្លើយអ្នករងរបួសដែលនៅមានជីវិតអង្គុយក្នុងរថយន្ត បានផ្តល់ព័ត៌មានថា ពួកគេមកពីផ្សាររោងក្លឿ តាមរយៈការទាក់ទងរបស់មេខ្យល់មានមនុស្សមកទទួល ហើយបង់លុយ ៧៥០០បាត ក្នុងមួយនាក់ ដោយមកជាមួយគ្នា ៧នាក់ ប្រុស២ ស្រី៣ និងក្មេងស្រី ២នាក់ អាយុ ២ឆ្នាំម្នាក់ និងអាយុ ១ខែម្នាក់ រួមជាមួយអ្នកបើកបរជាជនជាតិថៃម្នាក់ សរុបចំនួន ០៨នាក់។
នៅពេលមកដល់ប៉ុស្តិ៍ប៉ូលិសណងសាង ជាប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីប៉ូលិស និងអនុរក្សការពារព្រំដែនស្រាប់តែអ្នកបើកបរបានបង្កើនល្បឿនឡើងដើម្បីគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យ។ ដូច្នេះបណ្តាលឱ្យមានការតាមស្ទាក់ចាប់ខ្លួនពីមន្ត្រីប៉ូលិស និងធ្វើអោយ ប៉ូលិសប៉ុស្តិ៍គោកខ្យូងស្ទាក់ចាប់រថយន្តនោះនៅពេលមកដល់។
ដោយសារទំនងជាមានការស្លន់ផង ពេលដល់ចំណុចផ្លូវបែកជាបីគេបានឃើញថា រថយន្តបានបោះពួយទៅត្រង់ក៏ធ្លាក់ក្នុងស្រះទឹកតែម្តង ទើបបានសមត្ថកិច្ចជួយសង្គ្រោះដោយរកឃើញថា មនុស្ស ៤នាក់បានបាត់បង់ជីវិត ម្នាក់ជាជនជាតិថៃ(អ្នកបើកបរ), ស្ត្រីម្នាក់ និងក្មេងស្រីតូចៗ ២នាក់ សរុប ៤នាក់ រីឯមនុស្ស ៤នាក់ទៀតបានចេញពីក្នុងរថយន្ត ផុតពីសេចក្តីស្លា.ប់៕