កាប៊ូល៖ សហព័ន្ធកីឡាបាល់ទាត់អាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហាថា កីឡាករបាល់ទាត់អាហ្វហ្គានីស្ថានម្នាក់ដែលលេងឲ្យក្រុមយុវជនជម្រើសជាតិបានបាត់បង់ជីវិត បន្ទាប់ពីព្យាយាមតោងយន្តហោះអាមេរិកដឹកមនុស្សចេញពីកាប៊ូលគ្រប់គ្រងដោយតាលីបង់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។
អគ្គនាយកដ្ឋានអប់រំកាយ និងកីឡា នៃប្រទេសអាហ្វហ្គានីស្ថានដែលជាស្ថាប័នរដ្ឋាភិបាលដែលបានធ្វើការជាមួយក្រុមកីឡាបានបញ្ជាក់ពីការស្លាប់របស់កីឡាករ ហ្សាគី អានវ៉ារី នៅក្នុងអំពើហិង្សាដែលបានផ្ទុះឡើងនៅព្រលានយន្តហោះក្នុងរដ្ឋធានីកាប៊ូលក្នុងសប្តាហ៍នេះ។
អគ្គនាយកដ្ឋានអប់រំកាយ និងកីឡានៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើហ្វេសប៊ុកថា កីឡាករអានវ៉ារី ក៏ដូចជាយុវជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ចង់ចាកចេញពីប្រទេសប៉ុន្តែបានបាត់បង់ជីវិត ក្រោយព្យាយាមតោងក្រោមស្លាបយន្តហោះអាមេរិក ។
គួរជម្រាបថា ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋាននៅសប្តាហ៍នេះក្នុងគោលបំណងដើម្បីភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីការវាយលុកដោយតាលីបង់ ៕
សូមទស្សនាវីដេអូខាងក្រោម៖