ថ្មីៗនេះ ស្រ្តីចំណាស់ម្នាក់ រស់នៅ Washim ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ក្រោយពីគាត់បានអះអាងពីអព្ភូតហេតុដ៏ចម្លែកថា គាត់បានត្រឡប់មកមើលឃើញវិញបានខ្លះៗហើយ ក្រោយពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចមក។
ស្រ្តីរូបនេះ ដែលមានឈ្មោះថា Mathurai Bidwai អាយុ ៧០ឆ្នាំ បាននិយាយថា គាត់មិនអាចមើលឃើញអស់រយៈពេល ៩ឆ្នាំ មកហើយ បន្ទាប់ពីគាត់បានកើតជំងឺភ្នែកឡើងបាយទាំងសងខាង កាលពី១០ឆ្នាំមុន ហើយមិនយូរប៉ុន្មាន ភ្នែករបស់គាត់ក៏ប្រែជាមើលឃើញអ្វីទាំងអស់តែម្តង។
យោងតាមព័ត៌មានទទួលបាន ស្រ្តីចំណាស់ខាងលើ ដែលបាត់បង់ការមើលឃើញអស់រយៈពេល ៩ឆ្នាំ គឺគាត់ពុំមានប្តីទេ ហើយត្រូវបានសាច់ញាតិនាំយកទៅចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ នៅ Risod កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅនេះ។
លោកយាយ Mathurai ក៏បានឲ្យដឹងថា នៅថ្ងៃទី២ នៃការទទួលវ៉ាក់សាំងនេះ កែវភ្នែករបស់គាត់ម្ខាងបានភ្លឺ ៣០ ទៅ ៤០ភាគរយ និងបាននិយាយថា គាត់មិនទាន់ត្រៀមខ្លួនដើម្បីទទួលវ៉ាក់សាំងនេះទេ ប៉ុន្តែបានទទួលវ៉ាក់សាំងនេះ គឺដោយសារតែការទទូចរបស់សាច់ញាតិ។
តែយ៉ាងណា បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងគ្រប់ដូស លោកយាយ Mathurabai បានបញ្ជាក់ថាគាត់អាចមើលឃើញអ្វីៗទាំងអស់វិញហើយឥឡូវនេះ៕