លោក គីម សំអឿន ជាម្ចាស់ចំការគូលែនហាវ៉ៃខ្មែរ ដែលមានទីតាំស្ថិតនៅ ភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាចំការមួយដ៏ធំដែលផ្គត់ផ្គង់ និង នាំចូលពូជគូលែន ហាវ៉ៃមកដាំនៅកម្ពុជាមុនគេ។
លោកមានប្រសាសន៏ប្រាប់គេហទំព័រល្បីល្បាញមួយថា មូលហេតុដែលនាំអោយលោកដក់ចិត្ត និងចង់យកពូជគូលែនហាវ៉ៃមកដាំនៅកម្ពុជា ដោយសារលោកបានទៅលេងប្រទេសថៃ ហើយបានឃើញពូជគូលែនមួយប្រភេទនេះមានផ្លែធំៗល្អប៉ុនពងមាន់ រសជាតិផ្អែមឆ្ងាញ់ លោកក៏សុំទិញពូជគេ ២ ដើមពីប្រទេសថៃដើម្បីយកមកដាំដុះខ្លួនឯង។
លោកបញ្ជក់ថា នៅពេលឃើញថាពូជនេះមានអំណោយផលល្អ អាចប្រកួតជាមួយគូលែននាំចូលបាន ហើយមានអ្នកជិតខាងចេះតែចង់បានពូជនេះទៅដាំបន្តរ លោកក៏ចាប់ផ្តើមនាំពូជហាវ៉ៃនេះបន្ថែមទៀត រហូតអាចមានលទ្ធភាពផលិតកូនគូលែនដោយខ្លួនឯង ហើយបច្ចុប្បន្ននេះផ្គត់ផ្គង់អោយកសិករខែ្មរដាំដុះមិនតិចជាង ១០០០០ ដើមនៅក្នុងស្រុករបស់លោក។
លោកបានបង្ហាញថាគូលែនជាដំណាំដែលហុចផលបានលឿន ត្រឹមតែ ២ទៅ ៣ឆ្នាំគឺអាចអោយប្រមូលផលបានហើយ ហើយតម្លៃទៀតសោធក៏ខ្ពស់គួរសមនៅលើទីផ្សារគឺ ១ គីឡូពី ៣.៥ ទៅ ៤ ដុល្លារ ហើយក្នុងមួយដើមអាចទទួលបានចន្លោះ ៣០ ទៅ ៤០ គីឡូក្រាមក្នុងមួយរដូវ។
ចំនែកកូនពូជដែលគាត់លក់ជូនកសិករគឺមួយដើមចន្លោះពី ១០ ទៅ ១៥ ដុល្លារ ដោយមានសេវាដឹកជញ្ជូនទៅគ្រប់ខេត្តក្រុងថែមទៀតផង។ ហើយលោកក៏រំពឹងថានិងអាចផលិតកូនដែលមានតម្លៃទាបរហូតដល់ ៥ ដុល្លារនៅឆ្នាំបន្តរបន្ទាប់។
លោកសម្តែងការព្រួយបារម្ភថាសព្វថ្ងៃនេះ គូលែនស្ទើរគ្រប់មុខ ជាពិសេសគឺគូលែនហាវ៉ៃដែលឃើញមានលក់ស្ទើរគ្រប់រដូវនោះ គឺជាគូលែនគីមីសុទ្ធសាត ហើយគូលែនដែលផ្លែចំរដូវកាលគឺមានតែនៅក្នុងខែ មេសា និង ខែឧសភាប៉ុណ្ណោះ ក្រៅពីនេះសុទ្ធតែជាគូលែន ដែលប្រើថ្នាំគីមីជម្រុញអោយផ្លែទាំងអស់។
លោកបានសង្កត់ធ្ងន់ថាគូលែនហាវ៉ៃនេះជាពូជដែលល្អដាំបំផុត ហើយលោកចង់អោយប្រជាជនកម្ពុជាចេះពីបច្ចេកទេសដាំដុះគូលែនប្រភេទនេះអោយច្បាស់ ដើម្បីបង្កើនទីផ្សារគូលែនកម្ពុជានិងកាត់បន្ថយការនាំចូល។