កវីនិពន្ធ ជុំ ប៊ុនធឿនគឺជាអ្នកនៅពីក្រោយនៃភាពល្បីល្បាញរបស់លោកព្រាប សុវត្ថិ នាពេលអតីតកាល ដោយកវី ជុំ ប៊ុនធឿនបាននិពន្ធបទចម្រៀងល្បីៗជាច្រើនបទអោយលោកព្រាប សុវត្ថិច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស។
គ្រប់បទចម្រៀងដែលកវី ជុំ ប៊ុនធឿននិពន្ធចេញមក គឺមានទឹកដៃល្អណាស់ មិនមែននិពន្ធលំៗអោយតែបានដូចអ្នកនិពន្ធមួយចំនួនសព្វថ្ងៃនេះទេ ពាក្យជួនខ្លះដាក់អោយតែបាន គ្មានខ្លឹមសារសោះ ស្ដាប់មួយភ្លែតហើរអស់។
សម្រាប់ទឹកដៃដែលកវី ជុំ ប៊ុនធឿននិពន្ធបទចម្រៀងចេញមកមានអត្ថន័យនិងអត្តរូប ពាក្យជួនផ្ទួនរណ្ដំ គឺរៀបចំបានល្អណាស់ មិនមែនចាប់ពាក្យជួនដាក់ទេ ទាល់តែពាក្យមានន័យទើបគាត់យក ដូច្នេះធ្វើអោយអត្ថន័យនៃបទចម្រៀងដែលលោកនិពន្ធចេញមក ពោរពេញទៅដោយខ្លឹមសារនៃរស់ជាតិ។
កវី ជុំ ប៊ុនធឿនមិនត្រឹមតែជាកវីនិពន្ធដែលមានទឹកដៃប៉ុណ្ណោះទេ លោកក៏ជាកវីនិពន្ធដែលអាចនិពន្ធបទចម្រៀងជាខ្សែរឿងបាន ដូចជាបទចម្រៀងដែលច្រៀងដោយអ្នកនាង ពេជ្រ សោភានិងលោកព្រាប សុវត្ថិក្នុងអាឡាបុមលោកព្រាប សុវត្ថិដើរតួជាបងស្នាយ។
តែគួរអោយស្ដាយដោយសារតែកវី និពន្ធ លោក ជុំ ប៊ុនធឿនបានលាចាកលោកប្រមាណជា ១៤ឆ្នាំកន្លងមកហើយ ដោយលោកបានទទួលមរណៈភាពកាលពីឆ្នាំ២០០៧ ដោយសារតែជំងឺមហារីកបំពង់ក។
បើទោះបីជាលោកបានទទួលមរណៈភាពក៏ពិតមែន តែកេរ្តិ៍ឈ្មោះនិងទឹកដៃដែលលោកបាននិពន្ធបទចម្រៀងអោយលោកព្រាប សុវត្ថិច្រៀងនៅតែមានអ្នកគាំទ្ររហូតមកដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា បទចម្រៀងដែលកវី ជុំ ប៊ុនធឿននិពន្ធអោយលោកព្រាប សុវត្ថិច្រៀងមានច្រើនណាស់សុទ្ធតែបទល្បីៗដែលយើងខ្ញុំមិនអាចរៀបរាប់អស់នោះទេ តែយើងខ្ញុំសូមលើកយកតែប៉ុន្មានបទប៉ុណ្ណោះមកបង្ហាញប្រិយមិត្តអ្នកអានមានដូចជាបទ
ថ្ងៃបាក់រសៀល ខ្លុយស្នេហ៍ត្នោតទេរ លំបាកតែឯង ចន្ទមិនស្ដាយរស្មី ម៉ឺនយោជន៍ស្នេហ៍ ឈឺចាប់បន្តិចម្ដង ថ្នម ស្រក់ទឹកភ្នែកពីភ្នំពេញដល់បាត់ដំបង ម្អមស្រែ សន្សើមផ្កាព្រៃ ជលសារដួងចិត្ត។ល។នឹងមានបទចម្រៀងជាAlbum សាច់រឿងជាច្រើនទៀតជាមួយពេជ្រ សោភា។ដូច្នេះយើងខ្ញុំនឹងភ្ជាប់បទចម្រៀងជាAlbumស្នាដៃកវី ជុំ ប៊ុនធឿននៅខាងក្រោម៖