ក្មេងប្រុសសញ្ជាតិម៉ារ៉ុកម្នាក់ ដែលប្រើប្រាស់ដបប្លាស្ទិកចងជាប់ខ្លួន ហែលឆ្លងពីប្រទេសខ្លួនទៅតំបន់ Ceuta ប្រទេសអេស្ប៉ាញ ក្នុងសប្ដាហ៍នេះបាននិយាយថា រូបគេសុខចិត្តស្លា.ប់ជាជាងវិលត្រឡប់ទៅកាន់ប្រទេសម៉ារ៉ុកវិញ នេះបើតាមការបញ្ជាក់របស់ទាហានអេស្ប៉ាញ មុនបញ្ជូនគេត្រឡប់ទៅវិញ ។
ក្មេងប្រុសរូបនេះ បានធ្វើឱ្យបណ្ដាសារព័ត៌មានអន្តរជាតិជាច្រើនចាប់អារម្មណ៍ជាខ្លាំង ខណៈរូបគេបានអណ្ដែតលើទឹកជាមួយអាវយឺតពណ៌ខ្មៅ គ្របលើដបប្លាស្ទិក ដើម្បីអាចបណ្ដែតខ្លួនឆ្លងទៅប្រទេសអេស្ប៉ាញ ។
តាមសម្ដីទាហានអេស្ប៉ាញម្នាក់បាននិយាយថា «ក្មេងនោះមិនចង់វិលត្រឡប់ទៅវិញឡើយ ។ រូបគេមិនមានគ្រួសារនៅប្រទេសម៉ារ៉ុកទេ ហើយគេក៏មិនខ្វល់ឡើយ បើទោះជាត្រូវស្លា.ប់ក៏ដោយ ។ គេសុខចិត្តស្លាប់ ជាជាងត្រឡប់ទៅម៉ារ៉ុកវិញ» ។
គួរបញ្ជាក់ថា ក្មេងប្រុសរូបនេះគឺជាមនុស្សម្នាក់ក្នុងចំណោមជនភៀសខ្លួនប្រមាណ ៨ ពាន់នាក់ ដែលបានហែលឆ្លងវារឡើងតាមរបងព្រំដែន ចូលតំបន់ Ceuta ក្នុងសប្ដាហ៍នេះ ក្រោយក្រុង Rabat បន្ធូរបន្ថយការត្រួតពិនិត្យតាមព្រំដែននោះ ។
ប្រទេសអេស្ប៉ាញភ្លាមៗ ក៏បានដាក់ពង្រាយទ័ពទៅតំបន់ Ceuta ដើម្បីត្រួតពិនិត្យច្រកព្រំដែនជាមួយប្រទេសម៉ារ៉ុក ហើយក៏បានហៅស្ថានការណ៍នេះថាជាវិបត្តិមួយសម្រាប់អឺរ៉ុប ៕