ប៉ូលិសកំពុងស្វែងរកអ្នកភូមិនៅភាគខាងជើងប្រទេសឥណ្ឌាដើម្បីស៊ើបអង្កេតពីការរកឃើញសាកសពដែលត្រូវបានកប់នៅក្នុងរណ្តៅដីខ្សាច់រាក់ៗ ឬទើរលើច្រាំងទន្លេគង្គា ដែលបង្កឲ្យមានការសង្ស័យលើបណ្តាញសង្គមថា ពួកគេគឺជាសាកសពរបស់ជនរងគ្រោះជំងឺកូវីដ ១៩ ។
ការរកឃើញនេះបានកើតឡើង បន្ទាប់ពីភ្លៀងធ្លាក់កាលពីថ្ងៃសុក្របានហូរច្រុះដីខ្សាច់ដែលកប់សាកសពនៅក្នុងរណ្តៅដីខ្សាច់រាក់ៗនៅលើច្រាំងទន្លេក្នុងទីក្រុង Prayagraj រដ្ឋ Uttar Pradesh ។
អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋលោក Navneet Sehgal នៅថ្ងៃអាទិត្យនេះក៏បានបដិសេធចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សាកសពជាង ១,០០០ នាក់ដែលជាជនរងគ្រោះជំងឺកូវីដ ១៩ ត្រូវបានរកឃើញពីទន្លេកាលពី ២ សប្តាហ៍មុន ខណៈលោកអះអាងថា សាកសពទាំងនេះមិនមែនជាអ្នកជំងឺកូវីដ ១៩ នោះទេ ។
ទន្ទឹមនោះ កាលពីសប្តាហ៍មុន អាជ្ញាធរសុខាភិបាលក៏បានរកឃើញសាកសព ៧១ នាក់ផងដែរ បន្ទាប់ពីបានទើរលើច្រាំងទន្លេគង្គាសក្នុងរដ្ឋ Bihar ។
ស្របពេលជាមួយគ្នានេះ សាកសពរាប់សិបនាក់ទៀតក៏ត្រូវបានរកឃើញផងដែរកាលពីសប្តាហ៍មុនដែលត្រូវបានគេកប់នៅក្នុងដីខ្សាច់នៅទីតាំងចំនួន ២ នៅលើច្រាំងទន្លេក្នុងស្រុក Unoo ចម្ងាយ ៤០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh ។
រដ្ឋធំៗចំនួន ២ របស់ឥណ្ឌាគឺ Uttar Pradesh និង Bihar ដែលមានចំនួនប្រជាជនជិត ៣៥៨ លាននាក់ស្ថិតក្នុងចំណោមរដ្ឋដែលរងគ្រោះដោយកូវីដខ្លាំងជាងគេបំផុតនៅក្នុងប្រទេស ។ អ្នកភូមិគ្មានទីពឹងបានប្រញាប់ប្រញាល់
បញ្ជូនអ្នកជំងឺទៅកាន់ទីប្រជុំជន និងទីក្រុងដែលនៅក្បែរនោះដើម្បីព្យាបាល ប៉ុន្តែភាគច្រើនពួកគេបានស្លាប់នៅតាមផ្លូវ ដោយសារប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឥណ្ឌាកំពុងតែដួលរលំ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ២៤,៦៨៤,០០៧ ករណី និងមានអ្នកស្លាប់ចំនួន ២៧០,២៨៤ នាក់ ៕