ខេត្តកណ្ដាល ៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនករណីរំ.លោ.ភលើទំនុកចិត្តយកទៅកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពយកម៉ូតូ និងគ្រឿងអលង្ការរបស់នារីជាសង្សាររបស់ខ្លួន យកទៅលក់ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ម៉ោង០៦និង០០នាទី នៅចំណុចបន្ទប់ជួលភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ សួង សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ ន.ច.ន ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មការនី ។
ចំណែកសម្ភារៈបាត់បង់មាន ៖ ម៉ូតូចំនួន១គ្រឿងម៉ាក Honda Zoomer-X ពណ៌ផ្កាឈូកលាយខ្មៅ ចំនួន១គ្រឿង គ្រឿងអលង្កាមួយចំនួនសរុបទឹកប្រាក់២៦១៣ដុល្លារអាមេរិច ។
តាមប្រភពបានឱ្យដឹងថា កន្លងមកជនសង្ស័យ និងនារីរងគ្រោះជាសង្សារនឹងគ្នាហើយរស់នៅក្នុងបន្ទប់ជួលជាមួយគ្នាអស់រយ:ពេល២ខែមកហើយ ដោយការរស់នៅមិនចុះសម្រុងនឹងគ្នានារីរងគ្រោះក៏មានចិត្តចង់បែកបែរ ហើយនារីរងគ្រោះក៏បានឱ្យប្អូនស្រី២នាក់មកដេកជាមួយដើម្បីកុំឱ្យជនសង្ស័យជាសង្សារដេកក្នុងបន្ទប់ ។
លុះមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះបានទុកម៉ូតូ និងគ្រឿងអលង្ការមួយចំនួនទុកក្នុងបន្ទប់ដេកហើយខ្លួនបានចូលក្នុងបន្ទប់ទឹកងូតទឹក ដោយពុំបានដាក់គន្លឹះ ខណៈនោះជនសង្ស័យក៏បានចូលរួចយកម៉ូតូ និងគ្រឿងអលង្ការទាំងនោះទៅលក់បាត់ ។
រហូតមកដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៨និង០០នាទីយប់ ជនរងគ្រោះបានតេទូរស័ព្ទហៅជនសង្ស័យមកបន្ទប់ជួលរបស់ខ្លួនដើម្បីសួររឿងម៉ូតូ និងក្រដាសបញ្ចាំគ្រឿងអលង្ការ ស្រាប់តែជនសង្ស័យថា បានលក់ផ្តាច់អស់ហើយ ។
ក្រោយមកជនរងគ្រោះក៏បានមកប្តឹងសមត្ថកិច្ចនៅអធិការនគរបាលក្រុងតាខ្មៅដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕