បន្ថែមពីលើការសម្តែងដែលមិនអាចរកដៃគូប្រៀបបាន ចំពោះតួឯកស្រីមុខដូចកូនក្រមុំបាប៊ី Kwan Usamanee នាងមានទាំងសម្រស់ និងភាពវៃឆ្លាត ។ ដូចដែលប្រិយមិត្តបានដឹងហើយ តួឯកស្រីដ៏មានទេពកោសល្យរូបនេះបានក្លាយខ្លួនទៅជាម្ចាស់ប្រែនគ្រឿងសំអាង និងចាប់អាជីវកម្ម Start Up ពេញលេញតែម្តង ។
បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ មានផលប៉ះពាល់លើអាជីវកម្មនានានៅជុំវិញពិភពលោកដ៏ដោយ ប៉ុន្តែតារាស្រី Kwan នៅតែអាចដឹកនាំក្រុមហ៊ុន និងអាជីវកម្មឆ្ពោះទៅមុខដោយមិនឈប់ឈរ។ ដែលបច្ចុប្បន្នជាអាជីវកម្មផលិតផលប្រែន Uzi Cosmestic បានធ្វើដំណើរចេញទៅលក់នៅក្រៅប្រទេសចំនួន ៩ រួចហើយ។
ទន្ទឹមនឹងនោះ បើសួរថា តើសុបិន្តរបស់ Kwan Usamanee គឺជាអ្វី? អាចនិយាយបានថា ការដែលនាងមានអាជីវកម្មផ្ទាល់ខ្លួន គឺជាផ្នែកមួយនៃក្តីសុបិន្តរបស់នាង ហើយក្រៅពីអាជីពជាតារាសម្តែង និងតួនាទីជាប៉ូលិស ដែលជាចំណង់ចំណូលចិត្តតាំងពីកុមារភាព ហើយចង់ដើរតាមគន្លងរបស់ឪពុកផងដែរ ។
Kwan បានចូលប្រឡូកក្នុងមុខរបរផលិតផលអស់រយៈពេលប្រមាណ ៣ ឆ្នាំមកហើយ មុនពេលបន្ថែមអាជីវកម្ម Start Up កាលពីថ្មីៗទៀត គឺជាអាជីវកម្មផ្តល់ សេវាកម្មដ៏ទូលំទូលាយមួយមានឈ្មោះថា Security & Cleaning Service Thailand ដោយផ្តោតលើសេវាកម្ម អ្នកបើកបរ, មេផ្ទះ, សន្តិសុខ និងសេវាកម្មជាច្រើនទៀត ។
ក្នុងកំឡុងពេលនៃការរីករាលដាលកន្លងមក សេវាកម្មបាញ់ថ្នាំសំលាប់មេរោគ ជាសេវាកម្មមួយក្នុងចំណោមសេវាកម្ម ដែលរួមបញ្ចូលនៅក្នុងអាជីវកម្មរបស់នាង ត្រូវបានចាត់ទុកថា ទទួលបានជោគជ័យយ៉ាងខ្លាំង ព្រោះវាឆ្លើយតបតម្រូវការរបស់មនុស្សក្នុងយុគសម័យនេះ ដោយសារតែមនុស្សជាច្រើនត្រូវថែរក្សាខ្លួនឯងពីជំងឺឆ្លងផ្សេងៗ ។ ហេតុដូចនេះ ក្វាន់តែងតែព្យាយាមបង្កើតគំនិតអាជីវកម្មផ្តល់សេវាកម្ម ប្រកបដោយគុណភាព ដើម្បីបំពេញតាមតម្រូវការរបស់សង្គមសព្វថ្ងៃ ។
រីឯអាជីវកម្មគ្រឿងសំអាងរយៈពេល ៣ ឆ្នាំកន្លងមកនេះ វាត្រូវបានគេចាត់ទុកថា ជាអាជីវកម្មដែល Kwan ធ្វើបានល្អ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ កាលពីថ្មីៗនេះនាយកប្រតិបត្តិដ៏ស្រស់ស្អាតរូបនេះ បាននាំប្រែនយីហោ Uzi របស់នាងឈានទៅទីផ្សារក្រៅប្រទេសបានឆ្ងាយគួរសម ។ ទាំងចូលប្រឡូកនៅក្នុងទីផ្សារអាស៊ីដូចជា ចិន ជប៉ុន ហុងកុង និងចូលទៅក្នុងទីផ្សារអឺរ៉ុបជាច្រើនដូចជា ប្រទេសដាណឺម៉ាក ប្រទេសញូវហ្សេឡែន និងប្រទេសស្វីសជាដើម ៕
ប្រភព៖ sakkarach