ភ្នំពេញ៖ តា ប៊ុយ អតីតពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ My TV ដែលបច្ចុប្បន្នគេដឹងថា គឺ ជាអ្នកលក់ផលិតផលតាមអនឡាញនោះ បានបើកបរក្នុងស្ថានភាពស្រវឹងជោកជាំទៅបុកពីក្រោយរថយន្តមួយគ្រឿងដែលកំពុងឈប់ស្តុបយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ។
ប៉ុន្តែក្រោយការបង្កគ្រោះថ្នាក់ចរាចរណ៍នេះ តា ប៊ុយ មិនបានឈប់ធ្វើការដោះស្រាយតាមសន្តិវិធីនោះទេ ពោលគឺ បានបើកឡានព្យាយាមរត់រហូតធ្វើឲ្យជនរងគ្រោះបើកឡានតាមពីក្រោយតាមកាក់ជាប់តែម្ដង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តព្រូសដែលរងគ្រោះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា គាត់បានបើករថយន្តមកឈប់ស្តុប ស្រាប់តែមានរថយន្ត Range Rover ពណ៌ស ដែលបើកបរដោយ តា ប៊ុយ មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ ។
បន្ទាប់មក គាត់បានចុះមកនិយាយគ្នាដើម្បីដោះស្រាយ ។ ប៉ុន្តែ តា ប៊ុយ បានបើកឡានរត់គេចពីកន្លែងកើតហេតុហើយគាត់ក៏បានបើកឡានដេញរហូតកាក់បានជាប់ឡានតែម្ដង ។
បើតាមម្ចាស់រថយន្តរងគ្រោះ បានបន្តថា នៅពេលដែលកាក់ឡានជាប់របស់ តា ប៊ុយ ហើយ គេឃើញមានបុរស២នាក់ក៏បានមកជួយគ្រា តា ប៊ុយ ចេញពីកន្លែងកើតហេតុ ដោយអាការៈរបស់ តា ប៊ុយ មានសភាពដើរទ្រេតទ្រោតយ៉ាងខ្លាំងដែលទំនងជាបានផឹកស្រវឹងយ៉ាងជោកជាំ ។
ទោះបីយ៉ាងណា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ហើយធ្វើការនាំយករថយន្តនិងភាគីទាំងសងខាងទៅដោះស្រាយគ្នានៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ទៅតាមនីតិវិធីច្បាប់ ។
មហាជនលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចដែលត្រឹមតែបុកពីក្រោយនេះ គួរដោះស្រាយគ្នានៅកន្លែងកើតហេតុ មិនត្រូវបើករត់បែបនេះឡើយ ខណៈ តា ប៊ុយ ជាបុគ្គលសាធារណៈមួយរូប មិនត្រូវធ្វើជាគំរូអាក្រក់បែបនេះ ឡើយ ៕