ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានអំពាវនាវដល់ព្រះសង្ឃមិនត្រូវនិមន្តបិណ្ឌបាតតាមទីផ្សារឡើយហើយក្នុងករណីព្រះសង្ឃអង្គណាល្មើស នឹងត្រូវប្រឈមការចាប់ផ្សឹកដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា។
ការអំពាវនាវនេះបានធ្វើឡើង ក្រោយពេលក្រសួងធម្មការនិងសាសនា បានប្រកាសបើកដំណើរការឡើងវិញពិធីសាសនានិងការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣វិច្ឆិកានេះថា ជនខិលខូចមួយចំនួន ដែលយកសាសនាធ្វើជាឈ្នាន់សម្រាប់ធ្វើអាជីវកម្មដូចជាដើររ៉ៃអង្គាសប្រាក់ ឬធ្វើសង្ឃក្លែងក្លាយត្រូវបញ្ឈប់ទង្វើទាំងនេះជាបន្ទាន់ ដើម្បីចៀសវាងប្រឈមនឹងទោសទណ្ឌ។
ជាមួយគ្នានេះដែរ លោកធ្វើការអំពាវនាវដល់ព្រះសង្ឃដែលនិមន្តបិណ្ឌបាតរាល់ថ្ងៃ នៅតាមភូមិនានាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះជំងឺកូវីដ១៩ ទោះបីស្ថានភាពជំងឺនេះមានភាពធូរស្រាលក៏ដោយ។
គួរបញ្ជាក់ថារហូតដល់ពេលនេះ មានព្រះព្រះពុទ្ធសាសនា នៅទូទាំងប្រទេសចំនួន១២១៩អង្គ បានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១៤២អង្គ និងអនិច្ចធម្មចំនួន១២អង្គ៕
https://youtu.be/lGE7gFgFw_M