ស្ត្រីវ័យក្មេងម្នាក់អាយុ ២៤ឆ្នាំ បានធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិជិតឆ្ងាយ ក៏ដូចជាមិត្តភក្ដិទាំងអស់ ទទួលយកដំណឹងអកុសលមួយនេះស្ទើរតែពុំបាន ព្រោះតែវារឿងឆាប់រហ័ស បន្ទាប់ពីកើតជំងឺមួយប្រភេទ មិនទាន់បានប៉ុន្មានផង ឯគ្រូពេទ្យក៏មិនអាចជួយសង្គ្រោះបាន។
ក្រោយពីបាត់បង់បងស្រី ម្ចាស់គណនីហ្វេសប៊ុកនារីម្នាក់មានឈ្មោះ MA Dam ក៏បានសរសេររៀបរាប់ ទាំងក្ដីសោកស្ដាយថា៖ «បងស្រីរបស់អូន ពេលនេះបងប្អូនយើងសល់តែ ៣នាក់ទេ អូននឹងមើលថែប៉ាម៉ាក់តាមបណ្ដាំចែ។
សូមចែទៅឲ្យបានសុខ ថ្ងៃនេះចែ ថ្ងៃក្រោយនឹងមានបន្ដៗទៀត ក្នុងគ្រួសារយើង (សង្ខាមិនទៀង) ចែរងទុក្ខខ្លាំងក៏ពិតមែន តែដង្ហើមចុងក្រោយចែទៅទាំងញញឹម Socheata Long បងស្រីជាទីស្រលាញ់ថ្ងៃមរណភាព ១០ តុលា ឆ្នាំ២០២១ ម៉ោង ៧:៣៥ នាទីយប់»។
បើតាមប្រភពអះអាងពីសាច់ញាតិរបស់នារីខាងលើ បានបញ្ជាក់ថា មូលហេតុដែលនាងទទួលមរណភាព បែបនេះ គឺបណ្ដាលមកពីជំងឺមហារីកពោះវៀនដែលបានកើតឡើងប្រមាណជាង ៣ខែ ខណៈនាងទើបតែបានភ្ជាប់ពាក្យកាលពីខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ។ នាងបានផុតនាល្ងាចថ្ងៃទី១០ តុលា នៅផ្ទះម្ដុំកំបូល ខណៈគ្រូពេទ្យឲ្យត្រឡប់មកផ្ទះវិញបាន ២យប់ ហើយនៅថ្ងៃបន្ទាប់ គេដង្ហែនាងទៅស្រុកកំណើត នៅខេត្តពោធិសាត់។
ខាងក្រោមនេះជាសារពីមិត្តភ័ក្ដិ មិត្តរួមការងារ បង្ហាញពីការសោកស្ដាយចំពោះការចាកចេញមួយនេះ៖ គណនីហ្វេសប៊ុកឈ្មោះ Vann Ry សរសេររៀបរាប់ដូច្នេះថា «និយាយគ្នាថា ថ្ងៃការវាសុំអោយ វ៉ាន់រី មកអង្គុយក្បាលកន្ទេល ធ្វើចាស់ទុំកូនកម្លោះ ម៉េចឥលូវអោយគ្នាមកអង្គុយមើលវាដេកចឹង លារហូតហើយមិត្ត»។
Thon Rady ៖«ហេតុអីហា៎ ហែងទៅចោលពួកអញ អញទើបតែមកដល់ផ្ទះមិញសោះ បើអញដឹងថាហែងទៅអញមិនទាន់មកផ្ទះទេ។ អញទើបតែប៉ះហែងមិញ ហេតុអ្វីហែងដាច់ចិត្តបញ្ចប់មិត្តភាពយើងត្រឹមពេលនេះចឹង។ ទៅឲ្យបានសុខណាមិត្ត ជាតិក្រោយកុំឲ្យអាយុខ្លីចឹងទៀត បើមានសំណាងយើងធ្វើជាមិត្តគ្នានៅជាតិក្រោយទៀតណា»។
Vi Sal៖ «សុជាតា ជាមនុស្សល្អ មានការរាប់អានល្អ និងមិត្តរួមការងារល្អ ហើយសោកស្តាយបំផុតចំពោះដំណឹងចាកចេញមួយនេះ។ សូមឱ្យ ជាតា បានដល់ទីឋានស្ងប់ ហើយក៏សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារ ដែរបានបាត់បងនូវសមាជិកគ្រួសារ ដ៏ល្អមួយនេះ។ កុំបារម្ភខ្វល់ខ្វាយអី អ្នករាល់គ្នានៅតែចងចាំរាល់សម្ដីល្អរបស់អ្នក ទឹកចិត្តល្អរបស់អ្នក ស្នាមញញឹមរបស់អ្នក សំឡេងសើចក្អាក្អាយរបស់អ្នក អ្នករាល់គ្នានៅតែចងចាំអ្នកនៅក្នុងចិត្ត»។
Vichh Kaa ៖«មិត្តឯងញញឹមស្រស់ណាស់ ឯងថាមកបាត់ដំបងចង់ញាំចង្រឹតលីង ម្ហូបស្នាដៃដែលអញធ្វើម៉េចហែងភ្លេចពាក្យសន្យា។ អង្គុយរៀនជាមួយគ្នា ទៅណាក៏ជាមួយគ្នាងើបមកឯងចាំមិត្តម្នាក់នេះបានទេឯងទៅបានសុខហើយSocheata Longមិត្តសម្លាញ់»
Sun Sreyny ៖ ទៅអោយបានសុខណាពួកម៉ាក មានជាតិក្រោយកុំអោយដូចជាតិនេះអីណា ទើបតែឃើញគ្នាមិញសោះ ក្រែងហែងធ្លាប់ប្រាប់ថា អោយខ្ញុំទៅលេងផងនៅជិតគ្នា តែខ្ញុំបែរជាទៅលេងហែងថ្ងៃចុងក្រោយរបស់ហែងចឹងមែន៕