ខេត្តកណ្ដាល៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយឡាន Highlander ធ្លាក់ចូលក្នុងទឹកទន្លេលិចបាត់។ តាមប្រភពបានឲ្យដឹងថា ករណីមួយនេះកើតឡើងនៅព្រឹកម៉ោង ៨និង៤០នាទី ថ្ងៃទី១៥ សីហា នេះនៅភូមិព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅកំពង់ចម្លងមួយកន្លែង។
នៅក្នុងនោះ អ្នកបើកបរភេទប្រុស ឈ្មោះសាម សុវត្ថិ អាយុ៥១ឆ្នាំ គឺជាប៉ូលីសនៅក្នុងស្អាងនោះផ្ទាល់ ដែលដឹកក្រុមគ្រួសារមានសមាជិកទាំងអស់៥នាក់ ដែលមានក្មេងៗ២នាក់ និងមនុស្សចាស់៣នាក់។ ជាសំណាងល្អនៅក្នុងហេតុការណ៍នេះមិនមានជនរងគ្រោះណាប៉ះពាល់ដល់អាយុជីវិតនោះទេ ។
នៅវេលាម៉ោងប្រមាណ១១ព្រឹកផងដែរ សមត្ថកិច្ចបានអន្តរាគមន៍ជួយសង្គ្រោះ ដោយបានរថយន្តបានមកលើគោកវិញបានសម្រេច។ បើយោងតាមសម្ដីស្ត្រីជាជនរងគ្រោះក្នុងហេតុការណ៍នោះ បានរៀបរាប់ថា៖
“ប្តីខ្ញុំបើកឡានចុះដរ ហើយជើងស្ពឹកមួយចំហៀង ក៏ជាន់ហ្វាំងអត់បាន តែគ្រានោះកញ្ចក់ឡានចុចចុះក្រោមទាំងអស់ ទើបចេញរួច ហើយបានបងប្អូននៅជិតៗ និងទូកបងប្អូនចាមនៅក្បែរៗនោះនាំគ្នាជួយសង្គ្រោះ ។ ពេលនោះប្រវេរប្រវារចេញមកក្រៅ ដោយព្យាយាមរុញកូនៗចេញមកម្តងមួយម្តងមួយ ។ ហើយពេលនេះ គឺសុខសប្បាយទាំងអស់គ្នា ទាំងម្តាយផងដែរ”។
យោងតាមសម្ដីរបស់ស្ត្រីជាជនរងគ្រោះបានបញ្ជាក់ថា ខ្លួននិងស្វាមី ធ្វើដំណើរទៅចូលរួមពិធីមង្គលការរបស់ក្មួយ ដោយត្រូវឆ្លងតាមកំពង់ចម្លងនេះ ប៉ុន្ដែបែរជាជួបហេតុការណ៍អាក្រក់បែបនេះ។ ហេតុតែអាយុមិនទាន់អស់ ក្រុមគ្រួសារជនរងគ្រោះទាំងមួយអាចចេញពីឡានបានដោយសុវត្ថិភាព៕