បរទេស៖ អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតវៀតណាម បង្ហាញក្ដីត្រេកអរជាខ្លាំង ខណៈដែលបានឃើញបុរសម្នាក់ ជួយក្មេងទើបចេះដើររកផ្លូវត្រឡប់មកផ្ទះវិញនៅពាក់កណ្តាលអធ្រាត្រស្ងាត់ឈឹង បន្ទាប់ពីក្មេងអាយុ ២ឆ្នាំរូបនោះ បានវង្វេងបាត់ឪពុកម្តាយដែលកំពុងដេកលង់លក់។
តាមរយៈកាមេរ៉ាសុវត្ថិភាពបំពាក់តាមរថយន្តរបស់បុរសឈ្មោះ Nguyen Xuan Truong បានចាប់យកនូវសកម្មភាពបង្ហាញពីទង្វើល្អរបស់គាត់ ធ្វើឲ្យគ្រប់គ្នាសរសើរពីទឹកចិត្តគាត់ជាខ្លាំងតែម្ដង ជាពិសេសអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត រហូតចុងក្រោយគាត់ទទួលបានបណ្ណសរសើរពីអាជ្ញាធរមូលដ្ឋានចំពោះអំពើល្អរបស់ខ្លួន។ លោក Truong ជាអ្នកស្រុករស់នៅស្រុក Phu Cat នៅខេត្ត Binh Dinh គាត់ធ្វើការជាអ្នកបើកបរកិច្ចសន្យា។
យោងតាមបុរសវ័យ ២៩ឆ្នាំរូបនេះបានឲ្យដឹងថា លោកបានបើករថយន្តត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងារនៅម៉ោងប្រហែល១ រំលងអធ្រាត្រ នៅពេលនោះ គាត់បានឃើញក្មេងចេះដើរតេះតះតែម្នាក់ឯងនៅតាមដងផ្លូវងងឹតឈឹង។ លោក Truong បាននិយាយថា “ខ្ញុំមានការព្រួយបារម្ភ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ក្មេងខ្លាំងណាស់ បើមានរថយន្តបើកបរលឿនមិនចាប់អារម្មណ៍ បើក្មេងនៅបន្តដើរវិលវល់តាមផ្លូវកណ្តាលអធ្រាត្របែបនេះ”។
ដំបូងលោក Truong មានការងឿងឆ្ងល់ និងប្លែកចិត្តផងដែរ ព្រោះមិនដែលឃើញមានក្មេងនៅកណ្ដាលផ្លូវទាំងកណ្ដាលយប់ ឃើញរថយន្តហើយក៏មិនរត់ចេញដូច្នេះឡើយ។ លោកគិតក្នុងចិត្តម្យ៉ាងទៀតថា អាចជាអន្ទាក់ចោរប្លន់ ដោយយកក្មេងមកធ្វើជានុយ ឲ្យយើងចុះចេញពីរថយន្តទេដឹង។
យ៉ាងណា គាត់បានឈប់រថយន្ត ហើយដើរសំដៅទៅក្បែរក្មេង។ បន្ទាប់មកគាត់បានស្រែកហៅ សំដៅទៅផ្ទះក្បែរៗនោះ ហើយគ្រវីបក់ដៃដើម្បីសុំជំនួយ។ រំលងបានប្រហែលជា ២០នាទី មានបុរសចំណាស់ម្នាក់ បានបើកទ្វារផ្ទះគាត់ ហើយស្តាប់លោក Truong រៀបរាប់ពីភិនភាគក្មេងប្រុសនោះ។ បន្ទាប់មក បុរសនោះបានដើរមករកកន្លែងកើតហេតុ។
លោក Truong បាននិយាយថា៖ “នៅពេលដែលបុរសនោះបានឃើញទារក គាត់បានដឹងភ្លាមថា ឪពុកម្តាយរបស់គេជានរណា និងផ្ទះរបស់ក្មេងនៅឯណា ព្រោះគាត់ជាអ្នកជិតខាងរបស់ក្មេង ខ្ញុំពិតជារីករាយណាស់”។ បន្ទាប់មក Truong និងបុរសចំណាស់ ក៏បន្តដើរសំដៅទៅផ្ទះឪពុកម្ដាយក្មេង ហើយស្រែកហៅឈ្មោះឪពុកម្ដាយក្មេងតែម្ដង។
នៅពេលម្តាយរបស់ក្មេងបើកទ្វារមកឃើញកូនខ្លួន នាងចាប់ផ្តើមស្រឡាំកាំងមួយស្របក់ មុនពេលចាប់ពរកូន។ គាត់ប្រហែលមមីមមើទើបស្ទុះក្រោកពីដំណេក និងជួបរឿងហួសស្មានបែបនេះទៀត។ ម្តាយក្មេងបាននិយាយថា៖ “ពួកគេហត់នឿយខ្លាំងណាស់ បន្ទាប់ពីត្រលប់មកពីធ្វើការ ហើយបានដេកលក់ភ្លាមៗ មិនបានខ្ទាស់គន្លឹះទ្វារត្រឹមត្រូវទេ”។
វីដេអូរយៈពេល ៤នាទី បង្ហាញពីទង្វើល្អ ក្រោយមកត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតោតសរសើរ ហើយរំភើបចិត្តជាខ្លាំង។ បុរសនោះសង្ឃឹមថា ហេតុការណ៍មួយនេះ នឹងអាចធ្វើជាបទពិសោធន៍សម្រាប់ឪពុកម្ដាយគ្រប់រូប មានការប្រុងប្រយ័ត្នចំពោះកូនតូចៗ។ ករណីខាងលើនេះ ចាត់ទុកថាជាសំណាងធំរបស់គ្រួសារនេះតែម្ដង៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ namtokh