កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញសេចក្ដីរំជួលចិត្តរន្ធត់ក្ដុកក្ដួលជាពន់ពេក ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កើតរបស់ទ្រង់ អ្នកម្នាង ឌួង ឌីយ៉ាត ដែលទទួលមរណភាព កាលពីម៉ោង ១១:៣៩នាទីព្រឹកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ដោយឡែក នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ព្រះនាងតូច ជេនណា បានបង្ហោះរូបថតជាច្រើនសន្លឹក ស្ថិតក្នុងទឹកមុខក្រៀមក្រំ ជាការបង្ហាញទុក្ខសោកនៅមុខស,ព ជីដូនព្រះនាង ដែលចែកឋានទៅនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតទាំងនេះ ព្រះនាងតូច បានជូនដំណឹងថា «ខ្ញុំម្ចាស់ នាងខ្ញុំ សូមទូលថ្វាយ និងជម្រាបជូនអោយបានជ្រាបថា ” ពិធីបុណ្យសពជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត កំពុងប្រារព្ធធ្វើបុណ្យតាមគន្លងព្រះពុទ្ធសានា នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ពិធីបូជាសពជីដូនខ្ញុំ នឹងធ្វើឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នាបរិវេណវត្តបុទុមវត្តី។ ”
សូមសម្ដេច ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកម្នាង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលស្រឡាញ់រាប់អានជីដូនខ្ញុំ សូមយាង និង អញ្ជើញចូលរួមជាការជូនដំណើរជាកិច្ចចុងក្រោយ។
ជាមួយគ្នា ពុកម៉ែបងប្អូនជិតឆ្ងាយ ដែលគាំទ្រ និងស្រឡាញ់ខ្ញុំ ចង់មកចូលរួមគោរពសពជីដូនខ្ញុំ ក៏អាចចូលរួមបានដោយមេត្រីភាព។ សូមអរព្រះគុណ និងសូមអរគុណ»។
គួរបញ្ជាក់ថា អ្នកម្នាង ឌួង ឌីយ៉ាត គឺជាភរិយារបស់សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស និងក៏ត្រូវជាមាតារបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បុប្ផារី មាតានៃអ្នកអង្គម្ចាស់ នរោត្តម ចេនណា៕