យោងតាមរបាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា កាលពីឆ្នាំ ១៩៩៥ មានរឿងអកុសលមួយបានកើតឡើងលើបុរសជនជាតិចិនម្នាក់ឈ្មោះ Nie Shubin ដែលពេលនោះគាត់ទើបតែមានអាយុ ២១ ឆ្នាំប៉ុណ្ណោះ តែត្រូវបានជាប់ចោទពីបទរំលោភ និងស ម្លាប់ស្ត្រីម្នាក់យ៉ាងព្រៃផ្សៃ នៅក្នុងទីក្រុង Shijiazhuang ភាគខាងជើងខេត្តហឺប៉ី ប្រទេសចិន។
នៅក្នុងការចោទប្រកាន់នេះ បុរសខាងលើត្រូវបានតុលាការសម្រេចកាត់ទោស ប្រហារជីវិតតែ ១០ ឆ្នាំក្រោយពីការសម្រេចរបស់តុលាការ ស្រាប់តែរឿងនោះទើបតែបានស្រាវជ្រាវដឹងការពិតថាជាការយល់ច្រឡំ ដែលវាបានធ្វើឱ្យគ្រួសាររបស់ Nie Shubin ត្រូវរងទុក្ខ និងមានវិប្បដិសារីសារជាថ្មី។ រឿងក្តីនោះមិនត្រូវបានបើកការស៊ើបអង្កេតជាផ្លូវការនោះទេរហូតអូសបន្លាយពេលដល់ជិត ១០ ឆ្នាំក្រោយទៀត ពោលគឺឆ្នាំ ២០១៤។
នៅឆ្នាំ ២០១៤ ដោយសារមានក្រុមការពារសិទ្ធិមនុស្សបានលូកដៃចូលជួយដល់ក្រុមគ្រួសាររបស់ Nie Shubin ហើយក៏តុលាការបានសើរើសារជាថ្មី និងបានសម្រេចជាផ្លូវការថា Nie Shubin មិនមានទោសដូចដែលបានចោទប្រកាន់កាលពីជាង ២ ទសវត្សរ៍មុននោះទេ។
ដូច្នេះតុលាការកំពូលក្នុងខេត្តហឺប៉ី បានសម្រេចផ្តល់សំណងទៅឱ្យក្រុមគ្រួសារជនរងគ្រោះប្រមាណជា ២ លានយ័នជាង (ជិត ៤០ ម៉ឺនដុល្លារអាមេរិក)។ តាមពិតទៅក្រុមគ្រួសារជនរងគ្រោះបានទាមទារសំណងជាទឹកប្រាក់ចំនួន ២ លានដុល្លារ ដោយសារតែការបំពានផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែលទ្ធផលចុងក្រោយពួកគេទទួលបានត្រឹមចំនួននេះប៉ុណ្ណោះ។
នៅឆ្នាំ ២០០៥ បុរសម្នាក់ដែលទើបជាជនល្មើសពិតប្រាកដឈ្មោះ Wang Shujin ត្រូវបានចាប់ខ្លួន ហើយក៏បានសារភាពរឿងរ៉ាវទាំងអស់ដែលខ្លួនបានធ្វើទាក់ទងនឹងរឿងក្តីនោះ តែទោះជាយ៉ាងណាអ្វីៗក៏មិនបានជួយស្រោចស្រង់ស្ថានការណ៍បានឡើយ ព្រោះ Nie Shubin ត្រូវបានគេប្រហារជីវិតបាត់ទៅហើយកាលពីឆ្នាំ ១៩៩៥ ហើយគ្រួសារ និងសាច់ញាតិរបស់ Nie Shubin បានត្រឹមសោកស្តាយ ទោះទទួលបានលុយជាច្រើនមកចាយវាយ ក៏ត្រូវចាយទាំងមិនស្រួលក្នុងចិត្តផងដែរ៕ ប្រភព៖ golpages-cambodia