យោងតាមផេកហ្វេសប៊ុករបស់ លោកស្រី ទ្រី ដាណា បានបង្ហាញអារម្មណ៍ អាណិតអាសូដល់សមត្ថកិច្ច ដែលបំពេញកាងារទាំងហាលក្ដៅ ឡើងខ្លោចមុខមាត់ ហើយ ត្រូវយុវជន ធ្វើការដឹកអាហាតាមក្រុមហ៊ុន បើកបរលឿនបំពានបំរាម បុកបណ្ដាលឲ្យរងរបួសទៀតផង លោកស្រី បានសរសេររៀបរ៉ាប់ថា៖
“អាណិតលើសពីអាណិត😥😥😥 ថ្ងៃមុន ខ្ញុំឃើញគេផ្សាយពីគាត់កំពុងហូបបាយថ្ងៃម៉ោងជិត២ មុខឡើងខ្លោចអស់ ខ្ញុំបង្ហាញប្ដីមើល😢 ស្រាប់តែល្ងាចមិញ ឃើញអ្នកដឹកជញ្ជូនបើកម៉ូតូបុកគាត់ មើលផ្លាកឈ្មោះទៅ ឈ្មោះគាត់ហ្នឹង ពន្លឺ។ នាងខ្ញុំមានតែការលើកទឹកចិត្ត ជួយថវិកា 500$ ដើម្បីព្យាបាលរបួស មើលថែខ្លួន ឱ្យឆាប់ជាសះស្បើយឡើងវិញ។
បងប្អូនបើកបរ មេត្តាយោគយល់អធ្យាស្រ័យ ជៀសវាងបង្ករគ្រោះថ្នាក់។ ឃើញសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអាជ្ញាធរ គាត់ហត់ណាស់ហើយ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្ដាច់ការឆ្លង នាំភាពស្រស់បំព្រងមកឱ្យទឹកដីយើងវិញ។ អនុវត្តទាំងអស់គ្នា ៣កុំ ៣ការពារ🙏🙏🙏🙏”។
គួបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បុគ្គលិកFoodpanda ជិះម៉ូតូលឿនជ្រុល បុកសមត្ថកិច្ចអន្តរាគមន៍នៅខណ្ឌមានជ័យ កំពុងអនុវត្តវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ដេីម្បីទប់ស្កាត់កូវីដ១៩ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៦ និង១៥នាទីល្លាចថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១ ។
សមត្ថកិច្ចដែលរងរបួសក្នុងហេតុការណ៍នេះមានឈ្មោះ សុត ពន្លឺ បណ្តាលអោយរងរបួសជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ចំណែកជនបង្កមានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ ឆ្នាំ ជាបុគ្គលិក foodPanda ត្រូវបានឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការណ៍បន្តតាមនិតិវិធី៕