ហេតុការណ៍ ២៤ កុម្ភៈ ឆ្នាំ ២០២២ ដែលតារាស្រី Tangmo បានធ្លាក់ចូលនៅក្នុងទឹកទន្លេស្លាប់ ខណៈរួមដំណើរជាមួយមិត្ត ៥ នាក់នៅលើទូក ពេលនេះហាក់កំពុងតែ កក្រើកនៅលើបណ្តាញសង្គម ក៏ដូជាប្រជាជនថៃជាច្រើន។
ជុំវិញហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយនេះ កំពុងតែធ្វើមហាជនជាច្រើនផ្ទុះការវែកញែក និង មិនអស់ចិត្តឡើយចំពោះការស្លាប់របស់តារាស្រី Tangmo បើទោះបីជាអ្នកដែលជាប់ពាក់ព័ន្ធនៅលើទូកតែមួយបានចូលខ្លួនមកផ្តល់ចម្លើយខ្លះៗហើយក៏ដោយ។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ នៅពេលមិត្តរួមទូកជាមួយតារាស្រី Tangmo បានចូលខ្លួនមកផ្តល់ចម្លើយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះតែម្តង ដោយម្នាក់ៗឆ្លើយហាក់មិនលះទាល់តែសោះក្នុងនាមខ្លួនជាមនុស្សនៅក្នុងហេតុការណ៍។
ជាពិសេស បើស្តាប់សម្តីនាង Sand ដែលជាអ្នករួមដំណើរជាមួយ Tangmo បានផ្តល់ចម្លើយទៅកាន់សមត្ថកិច្ចថា ៖ «Tangmo បានមកចាប់តោងជើងនាងទាំងពីរដើម្បីបត់ជើងតូច ពេលនោះនាងក៏មិនបានយកដៃតោងនាងវិញនោះដែរ រវល់តែដេកចុចទូរស័ព្ទ ហើយក្រោយមកទើបដឹងថានាងធ្លាក់ទឹកក៏ចាប់ផ្តើមស្រែកប្រាប់គ្នា»។
យ៉ាងណាមិញ បើងាកទៅមើលមេធាវីរបស់ Tangmo ឯណេះវិញលោកក៏បានសង្ស័យទៅលើនាង Sand ក្នុងការផ្តល់ចម្លើយមួយនេះទៅកាន់សមត្ថកិច្ចដែរ ដោយលោកបានទម្លាយថា ៖ «នាងនិយាយថា Tangmo បានយកដៃទាំងពីរមកចាប់ជើងរបស់នាងដើម្បីបត់ជើងតូច តើ Tangmo យកដៃណាទៀតទៅបើកទាញខោរបស់ខ្លួនដើម្បីបត់ជើងតូចនោះ»។
ទោះជាយ៉ាងណា នេះគ្រាន់តែចាការសង្ស័យទៅលើការផ្តល់ចម្លើយរបស់អ្នករួមទូកដែលលោកមេធាវីធ្វើការលើកឡើងតែប៉ុណ្ណោះ រឿងរ៉ាវបន្តយ៉ាងណានោះ ពេលនេះខាងសមត្ថកិច្ចកំពុងតែធ្វើការស៊ើបយ៉ាងដុតដៃដុតជើងបន្តទៀត៕
ប្រភព៖ Amarintv