គេនៅចាំបានថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១០និង៤០នាទី ក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលទៅផ្ទះវិឡារលេខV01ចាប់ខ្លួន លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដើម្បីប្លន់យកទ្រព្យសម្បត្តិ។
ក្រុមចោរធ្វើសកម្មភាព ហើយចាកចេញទៅបាត់ បានប្រហែល៧នាទី ប្អូនប្រុសរបស់ លោក ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។
ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាប់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំ។
បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថាករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។
ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហានដំបូង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស០៩នាក់ ស្រី០៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។
ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។
វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។
ដោយឡែក នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ស្រាប់តែទំព័រហ្វេសប៊ុកឈ្មោះ «News Fast» និង «អធិរាជមហាសាច់» បានបង្ហោះរូបថតលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ភ្ជាប់ជាមួយលោក វិល្លាម ហើយទម្លាយថា «សៀវម៉ី គឺជាស្រីកំណាន់គ្មានទីបញ្ចប់របស់ វីល្លាម ដែលជារឿយៗពួកគេតែងណាត់ជួបគ្នាដើម្បីធ្វើដំណើរទេសចរណ៍នៅឋានសួគ៌លោកិយ»។
ប្រភព នេះបន្តថា «បន្ទាប់ពីមានព័ត៌មានប្លន់ សៀវម៉ី សមត្ថកិច្ច បានចាប់ក្រុមចោរប្លន់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ ហើយក្នុងការបង្ក្រាបនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ តែអ្វីដែលចម្លែកគឺមេចោរនោះជា វីល្លាម ដែលធ្លាប់ឡើងទៅលេងឋានសួគ៌ជាមួយ សៀវម៉ី ទៅវិញ តើរឿងនេះមានអ្វីដែលជាអាថ៌កំបាំង?»។
ក្រៅពីប្រភពខាងលើនេះ ក៏មាន ឈ្មោះ ប៊ូ ចាន់ធី រហ័សនាម ស្អែកស្លាប់ បានផ្ដល់បទសម្ភាសន៍ក្នុងការផ្សាយផ្ទាល់ជាមួយអង្កភាពព័ត៌មាន អេសប៊ីធី ដោយបាននិយាយថា «ចោរប្លន់គ្នាវា សៀវម៉ី ជាស្រីកំណាន់ចិត្ត វីល្លាម មិនដឹងជាយ៉ាងម៉េចយ៉ាងម៉ា វាប្លន់គ្នាវា ក្បត់ជាតិគ្នាវា»។
ឆ្លើយតបនឹងការចោទប្រកាន់ទាំងនេះ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ មេធាវីតំណាងដោយអាណត្តិរបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានចេញលិខិតជូនដំណឹងមួយ ដោយបញ្ជាក់ថា «ការចុះផ្សាយរបស់សារព័ត៌មានខាងលើនេះ គឺជាព័ត៌មានបំផ្លើសខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូរចំពោះកូនក្ដីយើងខ្ញុំយ៉ាងធ្ងន់ធ្ងរបំផុត ដែលកូនក្ដៅយើងខ្ញុំគឺជាជនរងគ្រោះក្នុងអំពើប្លន់កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីមូនថោន ផ្ទះលេខV០១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។
លិខិតជូនដំណឹងដដែល បានបញ្ជាក់ទៀតថា «ដោយបច្ចុប្បន្ន កូនក្ដីរបស់យើងខ្ញុំ កំពុងតែរងផលប៉ះពាល់ផ្លូវកាយ និងស្មារតី មានការភ័យតក់ស្លុក និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន បែរជាបណ្ដាញសារព័ត៌មានខាងលើ ធ្វើការចុះផ្សាយមួលបង្កាច់កេរ្ដិ៍ឈ្មោះ កិត្តិយសកូនកដីយើងខ្ញុំទៅវិញ»។
ប្រភពបន្តថា «ទង្វើ និងសកម្មភាពរបស់បណ្ដាញសារព័ត៌មាន អធិរាជមហាសាច់ និងឈ្មោះ ប៊ូ ចាន់នី រហ័សនាមស្អែកស្លាប់ គឺជាការផ្សាយគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈសារព័ត៌មាន និងគោរពក្រមសីលធម៌សារព័ត៌មាន ដោយចុះផ្សាយចោទប្រកាន់ និងញុះញង់បំផុសបំផុលឲ្យសាធារណជនមានការរើសអើងមកលើកូនក្ដីយើងខ្ញុំ»។
លិខិតជូនដំណឹងដដែល បានសង្កត់ធ្ងន់ថា «កូនក្ដីយើងខ្ញុំ មិនមែនជាស្រីកំណាន់របស់ឈ្មោះវិល្លាម ហើយក៏គ្មានទំនាក់ទំនងជាមួយឈ្មោះវីល្លាមនោះដែរ ដោយកូនក្ដីយើងខ្ញុំមានស្វាមី និងកូនចំនួន៣នាក់»។
ប្រភពបន្តថា «ដូច្នេះសូមម្ចាស់គណនីហ្វេសប៊ុក និងបណ្ដាញសារព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក និងសាធារណជន ដែលបានបង្ហោះនូវព័ត៌មានករណីនេះ សូមមេត្តាបញ្ឈប់ចែករំលែកបន្តទៀត»។
ប្រភពបន្តថា «ក្នុងករណី ដែលមានការលើកឡើងនូវព័ត៌មានផ្ទុយពីការពិត បំផ្លើស ចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងភស្ដុតាងច្បាស់លាស់ ក្នុងគោលបំណងញុះញង់ និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់កូនក្ដីយើងខ្ញុំ និងធ្វើឲ្យមានការភ័ន្តច្រឡំដល់មតិសាធារណជន នាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីយើងខ្ញុំនោះ យើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិ នឹងចាត់វិធានការដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាធរមាន»។
ក្រោយពីលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ចេញលិខិតជូនដំណឹង ដោយមានខ្លឹមសារដូចរៀបរាប់ខាងលើនោះរួចមក ស្រាប់តែអធិរាជមសាច់ បានឡាយវីដេអូ ដោយដាក់Captionថា «មេធាវី អ៊ាន សៀវមី ប្តឹងខ្ញុំហើយ អាស៊ន តារា អា ន.យោបាយ អង្ក.កំ.ប៉ុង»។
ក្រោយមកលោក បានបង្ហោះសារទៀតថា «ចិត្តល្អពិតជាត្រូវរន្ទះបា.ញ់មែន ខំកូបពីយកមកផុស ដើម្បីឱ្យសាមីខ្លួន គេទៅប្តឹងព័ត៌មានក្រុម.ឆ្កែប្រ.ឆាំង ទៅជាប្តឹ.ងខ្ញុំវិញ ហួសចិត្ត។ ចាប់ពីនេះទៅខ្ញុំឈប់រវល់ រឿងអត់ប្រយោជន៍ទាំងនេះទៀតហើយ..»។
លោក បានបង្ហោះសារទៀតភ្ជាប់ជាមួយរូបថតថ្វាយបង្គំព្រះសង្ឃថា «ថ្ងៃនេះមកថ្វាយបង្គំព្រះគ្រូ លើភ្នំក្រាំងដីមាស និងសូមបួងសួងដល់បារមីព្រះគ្រូ សុំឱ្យកូនករុណាជាពីជំងឺ និងសូមឱ្យករណាឆ្លងផុតពីគ្រោះចង្រៃ ពិសេស ករុណាសូមឱ្យ ឆ្លងផុតពីភពមើល.ងាយ មើ.លថោ.កដល់ករុណា….។»។
ដោយមិនអស់ចិត្ត អាធិរាជមហាសាច់ បានបង្ហោះសារបញ្ជាក់ទៀតថា «នេះជាលេីកចុងក្រោយហេីយ បេីវល្លិ៍មាស សត្វអណ្តេីកពុំមានប្រសិទ្ធភាពទៀត ប៉ានិងយកកូនទៅប្រទេសថៃហេីយ»៕
សូមទស្សនាវីដេអូខាងក្រោម៖