ដូចដែលប្រិយមិត្តបានដឹងហើយកន្លងមក លោក ព្រាប សុវត្ថិ បានឈជើងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)ដែលបន្សល់បទចម្រៀងនៅផលិតកម្មធំនេះជាង៣០០០បទ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះបទទាំងនោះល្បីសឹងតែគ្រប់បទទាំងអស់តែម្ដង។
យ៉ាងណាដូចពាក្យគេថា”គ្មានការជួបជុំណា ដែលថាមិនបែក”នោះពិតជាមិនខុសនោះទេព្រោះកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ លោកព្រាប សុវត្ថិ បានបង្ហាញខ្លួននៅGalaxy ដោយចុះកុងត្រារយៈពេល៥ឆ្នាំ។
ក្រោយពេលការចាកចេញពីហង្សមាសជាង១ឆ្នាំនេះ តារាចម្រៀងស្រីនៅហង្សមាស គឺមានតែ ពេជ្រ សោភា ប៉ុណ្ណោះដែលធ្លាប់បង្ហាញអារម្មណ៍សោកស្ដាយ ព្រាប សុវត្ថិ ជាងគេព្រោះថាចាប់ពីពេលនេះតទៅនាងគ្មានឱកាសច្រៀងសម្ដែងជាមួយអតីតតារាហង្សមាសរូបនេះជាថ្មីឡើយ។
សោភា តែងតែនិយាយថានាងល្បីឈ្មោះរហូតមកដល់ពេលបច្ចុប្បន្នគឺតោងកាលីលោក ព្រាប សុវត្ថិ ច្រើនណាស់រហូតធ្វើឲ្យនាងដេកស្ដាយដែលលោកចាកចេញពីផលិតរួមទ្រនុំជាមួយនាង។
យ៉ាងណាសោភា គោរពទៅតាមការសម្រេចចិត្តរបស់ព្រាប សុវត្ថិ ហើយនាងថាទោះជាលោកទៅដល់ផលិតកម្មណាក៏នៅតែល្បីដដែល ព្រោះនាងស្គាល់និងជឿជាក់លើសម្ថភាពរបស់លោក។
ទោះជាពេជ្រ សោភា ថានាងអាឡោះអាល័យដែលលែងបានច្រៀងដៃគូជាមួយលោកព្រាប សុវត្ថិ ក្ដីប៉ុន្ដែតាមព័ត៌មានកាលពីខែកញ្ញា ឆ្នាំ២០២០ នោះមានដំណឹងថាសោភា ក៏ត្រូវបានGalaxy ដាក់ជាគោលដៅដើម្បីឲ្យទៅចាប់ដៃគូចម្រៀងជាមួយព្រាប សុវត្ថិ នៅផលិតកម្មជើងថ្មីនេះដែរ តែចុងក្រោយសោភា បែរជាសម្រេចចិត្តឈជើងនៅហង្សមាសជាបន្ដ ធ្វើឲ្យព្រាប សុវត្ថិ គ្មានជម្រើសណាក្រៅពីច្រៀងដៃគូជាមួយនាងតន់ ច័ន្ទសីម៉ា។
ដោយឡែកពេជ្រ សោភា វិញក្រោយអស់ឱកាសធ្វើជាដៃគូចម្រៀងជាមួយលោកព្រាប សុវត្ថិ នោះនាងនៅតែមិនទាន់អាចរកបានដៃគូណាដែលសាកសមឬអាចជួយនាងឲ្យកាន់តែឡើងកូដដូចអំឡុងពេលចាប់ដៃគ្នាជាមួយលោកព្រាប សុវត្ថិ ជាច្រើនបទនាពេលកន្លងមកនោះទេ ។
សោភា ធ្លាប់ធ្វើដៃគូជាមួយលោកងួន ចាន់ដេវីដ,Step ,ហ្សូណូ និងលោកគ្រូភ្លេងមាស សុគន្ធ ហៅលោកគ្រូអ៊ួយ ជាដើមតែក្នុងចំណោមនោះគេឃើញថាមានតែការច្រៀងសម្ដែងជាមួយលោកដេវីដ ទេដែលនាងជោគជ័យជាងគេបន្ទាប់ពីព្រាប សុវត្ថិ ។