នៅថ្ងៃទី ៣០ខែកញ្ញានេះ បុគ្គលិកនារីរបស់កាស៊ីណូ The Centuryនៅខេត្តព្រះសីហនុ ប្រមាណបួនប្រាំនាក់ បានឡាយវីដេអូតាមបណ្ដាញសង្គម អំពាវឲ្យអាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជួយ ដោយអះអាងថា បុគ្គលិកក្នុងកាស៊ីណូនោះ មានឆ្លងជំងឺកូវីដជាច្រើននាក់ និងមាននារីម្នាក់បានបាត់បង់ជីវិត តែពុំមានគ្រូពេទ្យប្រចាំការក្នុងបន្ទប់កាស៊ីណូនោះទេ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្ដីប្រកាសបន្ទាន់ទាំងយប់មកបំភ្លឺជូនមហាជនជ្រាបចំពោះការអះអាងខាងលើ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូ ដឹសេនជូរី និងអគារស្នាក់នៅបុគ្គលិតកាស៊ីណូ ដឺសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលទ្ធផលគឺបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់។
ដោយពិនិត្យឃើញថា ទីតាំងនោះ អគារធំទូលាយ និងមានកន្លែងស្នាក់នៅសមរម្យ រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចលេខ២០៨ សសរ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សម្រេចដាក់កាស៊ីណូ ដឺសេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូវី ជាកន្លែងធ្វើចត្តាឡឺស័ក ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសសម្រាប់អ្នកជំងឺ ថាតើចង់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់នៅព្យាបាលក្នុងទីតាំងខាងលើផងដែរ។
ចំពោះអ្នកជំងឺកូវីដ-១៩ ដែលស្នាក់នៅព្យាបាលនៅទីតាំងខាងលើ គឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តចុះត្រួតពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ ព្រមទាំងបានបង្កើតគ្រុបតេឡេក្រាម (ទប់ស្កាត់ Covid19) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។ ចំពោះអាហារហូបចុក គឺបានផ្តល់ជូន៤ពេល ក្នុងមួយថ្ងៃពីម្ចាស់កាស៊ីណូរបស់ខ្លួនផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យរបស់យើងក៏បានចុះទៅពិនិត្យសុខភាពអ្នកជំងឺទាំងអស់ ឃើញថាមិនមានបញ្ហាអ្វីគួរកត់សម្គាល់នោះទេ និងបានផ្តល់ថ្នាំសម្រាប់រយៈពេល ៣ថ្ងៃ ដោយបានណែនាំបន្ថែមករណីមានអាការៈមិនស្រួលខ្លួនសូមទំនាក់ទំនងមកក្រុមគ្រូពេទ្យភ្លាម។
ដោយឡែកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ០៩ និង២១នាទី មានអ្នកផ្ញើសារចូលក្នុងគ្រុបតេឡេក្រាម (ទប់ស្កាត់ COVID19) ដោយបានប្រាប់ថាមានអ្នកជំងឺម្នាក់ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ ២៨ឆ្នាំ មានអាការៈក្អួត ពេលនោះក្រុមគ្រូពេទ្យយើងក៏បានមកពិនិត្យ និងផ្តល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាមដានអាការៈជំងឺរបស់គាត់។
លុះដល់ម៉ោង ៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺដដែលមានអាការៈមិនធូរស្រាល និងបាត់បង់ជាតិទឹកជាច្រើន ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោងក៏បានស្លាប់បាត់បង់ជីវិតតែម្តង បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញគឺដោយសារគាត់ពុលអាហារ (ក្អួត) និងបាត់បង់ជាតិទឹកច្រើនពេក។
រហូតមកដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល មានអាខោនហ្វេសបុកឈ្មោះ Doung Chan Sreypovបានធ្វើការ Live ផ្ទាល់ដោយមានគ្នាចំនួន ៥នាក់ បានចោទប្រកាន់មកលើអាជ្ញាធរខេត្តថាពួកខ្លួនបានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ ដែលផ្ទុយស្រឡះពីការពិតជាក់ស្តែង គឺពួកគាត់ទាំងអស់គ្នាត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យរបស់យើង នៅទីតាំងអាគារធ្វើការរបស់គាត់ ដែលត្រូវបានរដ្ឋបាលខេត្តកំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩។
រហូតមកដល់ម៉ោង ៤ រសៀលថ្ងៃដដែល អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យរបស់យើង បានទៅអញ្ជើញពួកគាត់ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យ តែពួកគាត់មិនចុះពីលើអាគារនោះទេ រហូតដល់ម៉ោង០៧ និង ២៧នាទីយប់ទើបគាត់ចុះមកជួបក្រុមការងារ ហើយបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺសុំស្នាក់នៅ និងព្យាបាលនៅទីតាំងកន្លែងធ្វើការរបស់តាត់ដដែល ហើយបានសន្យាថានឹងធ្វើការ Liveផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួកតាត់មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើងវិញ។
រដ្ឋបាលខេត្តសូមបញ្ជាក់ថា ក្នុងករណីដែលបងប្អូនដែលកំពុងស្នាក់នៅព្យាបាល នៅក្នុងទីតាំងខាងលើមានបំណងចង់ប្ដូរទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងដែលរដ្ឋបាលខេត្តបានរៀបចំ សូមទំនាក់ទំនងក្រុមការងារប្រចាំការតាមរយៈលេខទូស័ព្ទ ០៩៣ ៩៩៩ ១៦៨ ដើម្បីធ្វើការសម្របសម្រួលជូន។
ចំពោះការលើកឡើងថា មានការប-ង្ខាំ-ង និងប-ង្ខំ-បុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការព្រមព្រៀង រដ្ឋបាលាខេត្តនឹងធ្វើការស៊ើបអង្កេតឱ្យបានលម្អិតបំផុត ករណីរកឃើញមានប្រព្រឹត្តបទល្មើស នោះរដ្ឋបាលខេត្តនឹងចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕