ភ្នំពេញ ៖ យុវជនម្នាក់ជាកម្មករដឹកអីវ៉ាន់ ត្រូវបានខ្សែកាបស្រាតដាច់ធ្លាក់ បណ្ដាលឱ្យឆក់ស្លាប់ភាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥៥នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខដេប៉ូលក់ចាប់ហួយ(យីហោប៊ុន សោភា) ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ឡន រីន អាយុ ១៧ឆ្នាំស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ ចំណែកឯ ម្ដាយសពមានឈ្មោះ ហេង សុណាត អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើត នៅភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីម្ចាស់ដេប៉ូខាងលើ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយនឹងកម្មករបីនាក់ទៀត និងកូនប្រុសរបស់ម្ចាស់ដេប៉ូម្នាក់ បាននាំគ្នាជញ្ជូនឥវ៉ាន់ដាក់លើរ៉ឺម៉ក ដើម្បីដឹកទៅដាក់ឱ្យម៉ូយ ពេលដែលកំពុងតែរៀបចំសុខៗ ក៏ស្រាប់តែទុស្សេខ្សែកាបធ្លាក់ចុះមកលើផ្លូវហើយក៏ឆេះ ខណៈពេលនោះ ជនរងគ្រោះបានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែជាអកុសលត្រូវបានខ្សែភ្លើងគ្រវីគ្រវាត់រត់មករកចំជនរងគ្រោះ បណ្ដាលឱ្យឆក់ខ្លោចខ្លួនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
យ៉ាងអាណោចអាធ័ម រួចខ្សែកាប់ក៏នៅតែបន្តឆេះនៅលើផ្លូវរហូតដល់ខាងមន្ត្រីអគ្គិសនីមកធ្វើការកាត់ផ្ដាច់ខ្សែភ្លើង ទើបរលត់ទៅវិញ ហើយកម្មករ៣នាក់ រួមនឹងកូនប្រុសម្ចាស់ដេប៉ូម្នាក់ទៀត មិនបានរងរបួសអ្វីនោះទេ ដោយសារតែរត់គេចខ្លួនទាន់ បន្ទាប់ពីដឹងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតកូនប្រុសម្ចាស់ដេប៉ូ ក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីចុះទៅពិនិត្យនៅកន្លែងកើតហេតុ។
ក្រោយពីទទួលបានព័ត៌មានថា មានករណីមានយុវជនម្នាក់ត្រូវបានខ្សែភ្លើងឆក់ បណ្ដាលឱ្យស្លាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័្ចយខណ្ឌដង្កោ ចុះមកពិនិត្យសពយុវជនខាងលើ ពេលដែលសមត្ថកិច្ចទៅដល់ ក៏បានរាយការណ៍ទៅខាងក្រសួងសុខាភិបាល ដើម្បីចាប់មន្ត្រីមកយកសំណាកទៅលើជនរងគ្រោះទើបដឹងថាជនរងគ្រោះអវិជ្ជមានមិនមានឆ្លងនៃជម្ងឺ covid-19 ទេ។
បន្ទាប់មកកម្មករម្នាក់ ដែលធ្វើការជាមួយគ្នា បានទៅប្រាប់ម្ដាយជនរងគ្រោះ ដែលកំពុងតែធ្វើការនៅក្នុងរោងចក្រ ថាកូនរបស់មីងបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែខ្សែភ្លើងធ្លាក់មកត្រូវឆក់ស្លាប់ ពេលដែលម្ដាយមកដល់ឃើញសពកូនដេកស្លាប់នៅលើផ្លូវ ក៏បានទ្រហោយំបោកខ្លួនគួរឱ្យសង្វេគបំផុត ។
ក្រោយមកសមត្ថកិច្ចកុសល្យវិច្ច័យខណ្ឌដង្កោ បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យស្នងការរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យសព ក្រោយពីពិនិត្យសពយុវជនខាងលើសមត្ថកិច្ច បានបញ្ជាក់ថា យុវជនខាងលើស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ពេលនោះ សមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
នៅជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរនឹងបង្គោលភ្លើងនៅកន្លែងកើតហេតុ រួមនិងម្ចាស់ដេប៉ូ បានប្រាប់ក្រុមការងារយើងឱ្យដឹងថា នៅបង្គោលភ្លើងចំណុចកើតហេតុ គឺមានខ្សែភ្លើងជាពិសេសគឺខ្សែកាបធ្លាក់មកលើផ្លូវជាញឹកញាប់ តែពេលធ្លាក់ម្ដងៗ មិនបង្កឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ គឺត្រូវបានរាយការណ៍ទៅខាងមន្ត្រីអគ្គិសនី ដើម្បីពន្លត់ភ្លើងរួចក៏តភ្ជាប់ឡើងវិញ តែពេលនេះខ្សែកាបក៏បានដាច់ធ្លាក់មកម្តងទៀត និងឆក់យុវជនម្នាក់ បណ្ដាលឱ្យស្លាប់ ពួកគាត់ក៏បានសំណូមពរទៅខាងមន្ត្រីអគ្គិសនី ចុះមកពិនិត្យនៅបង្គោលភ្លើងចំណុចកើតហេតុខាងលើនេះផង៕