ស្របពេលអាជីពសិល្បៈកាន់តែស្ងប់ស្ងាត់ស្ទើរទាំងស្រុង តារាកំប្លែងជើងចាស់ តាចេក បច្ចុប្បន្នត្រូវប្រភពបង្ហើបថា ពេលនេះគាត់បានជួបរឿងស៊យផ្ទួនៗគ្នា
ឆ្លើយតបនឹងការសួរនាំជុំវិញរឿងរ៉ាវនេះ តារាកំប្លែងលោកតា ចេក បាននិយាយថា ឥឡូវនេះគាត់ពិតជាជួបការលំបាកមែនដោយសារវិបត្តិកូវីដ-១៩ ធ្វើឲ្យមុខរបរលក់ដូររបស់គាត់ត្រូវបានផ្អាកមួយរយៈដែរ ក្រោយតំបន់នោះត្រូវបានបិទខ្ទប់ចំនួន ១៤ ថ្ងៃ។
ចំណែកឯបញ្ហាមួយទៀត កាលពីប៉ុន្មានថ្ងៃមុននេះ តាចេក ក៏ជួបរឿងស៊យ ដោយរអិលជើងដួលហើយត្រូវបានផ្លែដូងសង្កត់លើបណ្តាលឲ្យហើម និង ថ្លោះដើរសឹងតែមិនរួច។
លោកតា ចេក បន្តថា បច្ចុប្បន្នសម្រាប់ជីវភាពគឺមានលំបាកបន្តិចដោយសារការងារសិល្បៈមិនមានច្រើនដូចមុនឡើយ ហើយក្នុងបន្ទុកគ្រួសាររបស់គាត់មានសមាជិករហូតទៅដល់ ១១ នាក់ឯណោះភាគច្រើនគឺជាចៅៗតែម្តង។
សូមជម្រាបថា តារាកំប្លែងជើងចាស់ តាចេក សព្វថ្ងៃក្រៅពីអាជីពកំប្លែងបង្កការសើចសប្បាយ លោកក៏មានរបរបន្ទាប់បន្សំមួយផ្សេងទៀតសម្រាប់រកចំណូលផ្គត់ផ្គង់គ្រួសាររបស់លោកនោះគឺការលក់ដូរបន្តិចបន្តួចនៅតាមផ្លូវឡើងទៅរមណីយដ្ឋានភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ៕