លោកអ្នក បានជ្រាបរួចមកហើយថា អ្នកស្រីទ្រី ដាណា គឺជាថៅកែហាងពេជ្រចិត្តធម៌ មានជំនួញជាច្រើនទៀតក្នុងដៃ ហើយតែងតែចែករំលែកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ របស់ខ្លួនឲ្យអ្នកគាំទ្រ យកទៅអនុវត្តតាមផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ អ្នកស្រី បានបង្ហោះរូបថតរបស់ខ្លួនមួយសន្លឹកកំពុងមើលទូរសព្ទ អមដោយសារដ៏មានអត្ថន័យថា «ធ្លាប់ស្ដាយពេលវេលាអត់? ? បើគិតដល់រឿងនេះ ចោលទម្លាប់មិនល្អ ៤យ៉ាង គឺស្អប់យូរពេក ខឹងយូរពេក អន់ចិត្តយូរពេក និងសម្រាកយូរពេក។
៤យ៉ាងនេះ ដាច់ខាតកុំបណ្ដោយយូរ បើស្ដាយពេលវេលា ព្រោះវានឹងនាំឱ្យពេលវេលាកន្លងហួសដោយគ្មានន័យ។ គ្រប់គ្នាសុទ្ធតែមានចិត្ត មានអារម្មណ៍ មានមនោសញ្ចេតនា តែមិនអាចបណ្ដោយពេក ព្រោះជីវិតពិត មិនមែនដូចក្នុងរឿងកុន។ ជីវិតពិត ត្រូវការរស់ ត្រូវការចម្អែតក្រពះ ចិញ្ចឹមកូន ត្រូវការកិត្តិយសក្នុងសង្គម។
អ្នកណាមិនចេះហត់ មិនចេះខឹង មិនចេះអន់ចិត្ត តែខឹងតែម៉ាភ្លែតបានហើយ សម្រួលអារម្មណ៍ផ្ដោតលើការងារបន្តទៀត។ កុំបណ្ដោយអារម្មណ៍ឱ្យបាក់ទឹកចិត្ត យូរៗក្លាយជាទម្លាប់ខ្ជិល បណ្ដោយតាមវាសនា។ ត្រូវខំប្រឹងឱ្យអស់ពីកម្លាំង សម្រាកបន្តិច លំហែខ្លះ ជីវិតមានន័យ បើសម្រាកយូរពេក ក៏ទៅជាធម្មតាបាត់ហើយ។
សួរថាខ្ញុំស្រស់ស្រាយរាល់ថ្ងៃចឹង ចេះខឹងអត់ ងាប់ហើយ មើលតែមុខដឹងហើយ ហត់ពេក ពេលខ្លះមួរម៉ៅ ពេលខ្លះខឹង តែមិនដែលចេះយូរដូចម៉េច។ សម្ដីខ្លាំងៗតិច តែចិត្តទន់ណាស់ ចែដាណាហ្នឹង។ តែដើម្បីឱ្យជីវិតមានន័យ ត្រូវតែខំ ហត់មែន តែសប្បាយចិត្ត ហត់មែន តែមានក្ដីសុខ»។
ដោយឃើញថា សារនេះ មានអត្ថន័យ និងដាស់តឿនមនុស្សឲ្យខំប្រឹងដើម្បីអនាគតរបស់ខ្លួននោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានធ្វើការចែករំលែកចូលទៅកាន់គណនីហ្វេសប៊ុក ជាមួយនឹងការដាក់Captionថា «អត្ថន័យដ៏ល្អសម្រាប់លើកទឹកចិត្ត និង តឿនមនុស្សអោយខំប្រឹងដើម្បីអនាគត»៕