ថៃ ៖ វិណៃ ក្រៃបុត្រ តួឯកប្រុសថៃល្បីឈ្មោះកាលពី២០ឆ្នាំមុន តួឯករឿង ពស់កេងកង (នាយវេហាស៍) ជាមួយតួស្រីកម្ពុជាយើង ពេជ្រ ច័ន្ទបូរមី (សូរិយា) ដឹកនាំរឿងដោយ លោក ហ្វៃ សំអាង (បញ្ចាំងឆ្នាំ២០០១) និង ជាតួឯកប្រុសរឿង នាងណាត (១៩៩៩) កំពុងកើតជំងឺសើស្បែកកម្រិតធ្ងន់ ហើយត្រូវលក់ផលិតផលអនឡាញដើម្បីទប់ទល់ជីវភាពខណៈផ្អាកអាជីពសិល្បៈទាំងស្រុង។
លោកបាន live ថ្លែងពីទុក្ខលំបាករបស់ខ្លួនប្រាប់ទស្សនិកជនថា “អាជីពបន្ថែមរបស់តារាចាស់ៗឈ្មោះ វិណៃ ក្រៃបុត្រ ណាបាទ ព្រោះខ្ញុំគ្មានការងារផ្សេងទេ គ្មានរឿងភាគ ថតមិនបាន ព្រោះវារលួយស្បែកណាស់ គ្មានអ្នកណាយកឡើយបាទ ហើយខ្ញុំខ្លួនឯងក៏ត្រូវមើលថែខ្លួនឯង មិនចង់ក្លាយជាបន្ទុកអ្នកដទៃទេ ក្រុមថតត្រូវឈប់ថត គ្មានអ្នកណាហ៊ានប្រថុយឡើយបាទ” ។
លោកបានបន្ថែមថា រោគពងស្បែកនេះជាជំងឺឆ្លងចូលក្នុងប្រព័ន្ធភាពស៊ាំ ឬ ជាប្រតិកម្ម (ថ្នាំ?) ហើយលោកក៏បានព្យាយាមព្យាបាលខ្លួនទាំងតាមវិធីបុរាណ និង តាមវេជ្ជសាស្រ្តទំនើប រួមមាន ការលេបថ្នាំ ការព្យាបាលដោយថ្នាំស្តេរ៉ូអ៊ីត ការហាត់ប្រាណថែរាងកាយឲ្យរឹងមាំ ការតមអាហារ លាយឡំបញ្ចូលគ្នាសព្វបែបយ៉ាង៕