យោងតាមប្រភពពីផេក លោក ឌួង ឆាយ បានបង្ហោះនៅមុននេះបន្តិចថា៖ “កូនប្រុសស្រលាញ់ច្បាស់លាស់គឺហ៊ានចូលចែចូវតាមចាស់ទុំគោរពតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើង ប្រារព្ធពិធីពិសារស្លាដក់នឹងកន្សែង។
សូមគោរពអរគុណដល់អ្នកម្តាយដែលបានណែនាំនារីខ្មែរដ៏ល្អម្នាក់មានពូជពង្សវង្សត្រកូលល្អដល់កូន។ សូមអរគុណអនាគតលោកឳពុកក្មេក និងអ្នកម្តាយក្មេក ដែលបានផ្តល់ឱកាសអនុញ្ញាតព្រមព្រៀងឲ្យកូនទាំងពីរស្រលាញ់គ្នានឹងបានប្រារព្ធធ្វើពិធីនេះឡើង។
សូមអរគុណដល់អនាគតឧត្តមភរិយា ដែលអូនព្រមស្រលាញ់ជ្រើសរើសទទួលយកបងធ្វើជាគូជីវិត ជាពិសេសគឺក្នុងថ្ងៃដែលជីវិតបងឋិតនៅក្នុងភាពងងឹតបាត់បង់អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាកវេទនាជាទីបំផុត អូនបានចូលមកជួយបំពេញអត្ថន័យជីវិតបង អូនតែងតែឈរកៀកនៅក្បែរជួយផ្តល់កម្លាំងចិត្តនឹងមិនដែលហាស្តីបន្ទោសដាក់បងសូម្បីតែមួយម៉ាត់ចំពោះនូវរាល់កំហុសឆ្គងដែលបងតែងមានរហូតមក អូនព្រមទទួលយកភាពខ្វះខាតដោយការជួយបំពេញបន្ថែម អូនព្រមទទួលយកនូវរាល់អតីតកាលមិនល្អរបស់បង។
លើសពីនេះគឺអូនអាណិតស្រលាញ់ដល់កូនៗទាំង ៣ របស់បងខ្លាំងណាស់។ បងសូមសន្យាថានិងតបស្នងការស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់អូនមួយនេះ នឹងជួយមើលថែរក្សាផ្តល់ភាពកក់ក្តៅជូនអូន ដូចដែលលោកឳពុកអ្នកម្តាយអូនធ្លាប់បានថ្នាក់ថ្នមមើលថែឲ្យបានល្អជាទីបំផុត ផ្តល់កម្លាំងចិត្តជូនអូននិងកសាងសុភមង្គលជាមួយគ្នា។
សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការអានិតស្រលាញ់រាប់អាន និងអបអរសាទរជូនពរ។ សូមទោសពូមីងបងប្អូនមិត្តភ័ក្តជិតឆ្ងាយដែលខ្ញុំបាទមិនបានអញ្ជើញដោយសារតែធ្វើលក្ខណៈគ្រួសារតែ 10 តុហើយនៅឆ្ងាយ ខ្លាចរំខានលំបាក រង់ចាំពេលវេលាចូលរោងការតែម្តងណាបាទ។
#រកបាននារីល្អបរិសុទ្ធចរិយាមាយាទជានាម្នាក់ដូចរកបានកំណប់យ៉ាងច្រើមហាសាល”៕