ភ្នំពេញៈ ស្ត្រីម្នាក់បានស្លាប់ នៅមន្ទីរពេទ្យព្រះកុសុមៈ នៅថ្ងៃទី ១៩ មករា បន្ទាប់ពីក្រុមចោរបានឆក់កាបូបលុយ ធ្វើឱ្យដួលបោកក្បាល ផុងលលាដ៍ក្បាល កាលពីព្រឹកថ្ងៃទី ១៥ មករា ឆ្នាំ ២០២២ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ខណៈជន ៣ នាក់ ដែលសង្ស័យជាក្រុមចោរឆក់ត្រូវបានចាប់ខ្លួន។
លោក ជា សុវណ្ណ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី១៩ មករាថា ស្ត្រីរងគ្រោះឈ្មោះអ៊ុក កាន់និកា ភេទ ស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ។ ករណីនេះសមត្ថកិច្ចក៏ឃាត់ខ្លួនក្រុមជនសង្ស័យបាន៣នាក់ដែរ និងកំពុងសាកសួរ។
លោកបន្តថា៖«ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៥ មករា ឆ្នាំ២០២២ តែនៅថ្ងៃនេះ(ថ្ងៃទី១៩ មករា)ជនរងគ្រោះបានស្លាប់ហើយ។ ករណីនេះ យើងបានចាប់ជនសង្ស័យបាន៣នាក់ តែពេលនេះជនទាំង៣នាក់នេះ មិនទាន់ឆ្លើយថាម៉េចទេ យើងកំពុងបន្តធ្វើកិច្ចការនេះទៀត»។
បើតាមលោក សុវណ្ណ បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ មករា ឆ្នាំ ២០២២ មុនកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូម្នាក់ឯង ចេញពីផ្ទះទៅផ្សារសេន ជូរីផ្លាហ្សា បំណងទិញអីវ៉ាន់។
ប៉ុន្តែពេលជនរងគ្រោះ ធ្វើដំណើរដល់ចំណុចកើតហេតុ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្រាប់តែជួបគ្រោះថ្នាក់ចោរឆក់កាបូបលុយរបស់គាត់ ធ្វើឱ្យជនរងគ្រោះដួលម៉ូតូបោកក្បាល ទៅនឹងថ្នល់បណ្តាលឱ្យសន្លប់ ហើយត្រូវគេដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសុមៈ ។
លោក សៅ សារិន ប្រធានភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ បានឱ្យដឹងតាមសម្តីសាច់ញាតិជនរងគ្រោះនៅថ្ងៃទី១៩ មករាថា ស្ត្រីរងគ្រោះឈ្មោះ អ៊ុក កាន់និកា មានកូនស្រីម្នាក់អាយុ ២០ឆ្នាំ និងកូនប្រុសម្នាក់ទៀតអាយុ១៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣។
លោកឱ្យដឹងបន្តថា ពេលកើតហេតុភ្លាមៗ អ្នកនៅកន្លែងកើតហេតុ បានទូរស័ព្ទប្រាប់លោកថា មានស្ត្រីម្នាក់ត្រូវចោរឆក់កាបូបលុយ ហើយបានសន្លប់ត្រូវបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។
ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់រយៈពេល៤ថ្ងៃ ហើយបានដាច់ខ្យល់ស្លាប់ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៩ មករា ឆ្នាំ ២០២២។
លោកបន្តថា៖«នៅថ្ងៃនេះ(ថ្ងៃទី១៩ មករា)ក្រុមគ្រួសារគាត់កំពុងធ្វើបុណ្យ។ អាជ្ញាធរសង្កាត់ចោមចៅទី៣រៃលុយបានជាង២០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម ចូលបុណ្យសពជនរងគ្រោះ»។
បើតាមក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ ប្រាប់អាជ្ញាធរមូលដ្ឋានថា ស្ត្រីរងគ្រោះបានរងរបួសផុងលលាដ៍ក្បាលដោយសារដួលបោកក្បាលនឹងថ្នល់ និងបាត់លុយជាង១ពាន់ដុល្លារ៕ ប្រភព៖ postkhmer