(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះលើ Facebook ផ្លូវការរបស់លោកនៅមុននេះបន្តិចថា «ទើបទទួលដំណឹងពីឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹកនេះ វេលាម៉ោង៩៖៤០នាទី (ត្រូវនឹងម៉ោង៣៖៤០នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេសបារាំង»។
យ៉ាងណាមិញ ក្រោយទទួលដំណឹងព្រះរាមសោយទិវង្គ ព្រះបរមនាថ នរោត្ដម សីហមុនី បង្ហោះសារបួងសួងបួងបែបនេះថា” សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ”៕