មិនមែនជារឿងចៃដន្យ តែមកពីសមត្ថភាពពិតៗដែលសិល្បករ-ការិនី ៥ ដួង ជាប់សាច់ឈាមនឹងគ្នា បានកាន់ដៃគ្នាចាប់យកអាជីពសិល្បៈជាបន្តបន្ទាប់ ហើយអ្នកសិល្បៈប្រុស-ស្រីទាំង ៥ ដួងនេះទៀតសោត ក៏មានជំនាញខុសប្លែកពីគ្នា
ដោយអ្នកខ្លះចាប់យកអាជីពខាងសម្ដែង ខាងច្រៀង និង ពិធីក-ការិនីជាដើម ប៉ុន្ដែពួកគេសុទ្ធតែមានប្រជាប្រិយភាពច្រើនរៀងៗខ្លួន ។ ខាងក្រោម ជាឈាមជ័រត្រកូល ឈិន ទាំង ៥ រូបនោះ ដែលកាន់ដៃគ្នាប្រឡូកសិល្បៈ ៖
១- តារាចម្រៀង និង ពិធីករ ឈិន កុសល គឺជាកូនប្រុសច្បងក្នុងត្រកូល «ឈិន» ដោយលោកធ្លាប់មានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈមួយរូបផងដែរ ដោយត្រូវបានមហាជនគាំទ្រយ៉ាងច្រើនផុសផុល ។
២- ឈិន សុរ៉ាវី ជាប្អូនស្រីលោក ឈិន កុសល ហើយអ្នកនាងក៏ជាអតីតតារាចម្រៀងដ៏ស្រស់ស្អាតមួយរូប ប៉ុន្ដែនាងបានទទួលមរណភាពដោយធ្វើអត្តឃាត ចង-កសម្លាប់ខ្លួន កាលពីកំឡុងឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្ដែ កេរ្ដិ៍ឈ្មោះរបស់តារាស្រីរូបនេះ នៅតែដក់ជាប់ក្នុងដួងចិត្តទស្សនិកជនមកទល់សព្វថ្ងៃ។
៣- ឈិន សុធារី គឺជាពិធីការិនីធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលមួយរូប តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង ហាក់ស្ងប់ស្ងាត់ពីសិល្បៈមិនមានសកម្មភាពដូចពីមុនទេ ។
៤- ឈិន រីយ៉ា ជាប្អូនស្រីពៅក្នុងត្រកូល «ឈិន» ដែលនាងក៏មិនខុសពីបងប្អូនប្រុស-ស្រីរបស់នាងប៉ុន្មានដែរ ដោយតារាស្រីរូបនេះមានអាជីពជាពិធីការិនីមួយរូប ប៉ុន្ដែមួយរយៈចុងក្រោយនេះ ស្រីស្អាតរូបនេះ ហាក់ប្រើជីវិតស្ងប់ស្ងាត់ពីអាជីពសិល្បៈ។
៥- ឈិន មុន្នីនាថ ឬ ហៅថា នីលីតូច ជាកូនស្រីលោក ឈិន កុសល គឺជាតារាសម្ដែងវ័យក្មេងដែលមានទាំងរូបសម្រស់ និង ទេពកោសល្យផ្នែកសិល្បៈ ដែលនាងត្រូវបានមហាជនស្គាល់ច្បាស់ក្រោយសម្ដែងរឿង «សិសិររដូវក្នុងបេះដូង»។ បច្ចុប្បន្ន តារាស្រីវ័យក្មេងកំពុងតែ ប្រឡូកក្នុងវិស័យសិល្បៈយ៉ាងផុសផុល និង សាងប្រជាប្រិយភាពខ្លាំងទៀតផង៕