ក្រោយពីបានឃើញពលរដ្ឋ ជាពិសេសយុវវ័យៗទាំងប្រុសស្រី ផ្អើលនាំគ្នាទៅលេងទឹកជន់លិចកំណាត់ផ្លូវមួយខ្សែតភ្ជាប់ ពីស្រុកមង្គបូរី (ព្រំប្រទល់ក្រុងសិរីសោភ័ណ) យ៉ាងច្រើនភ្លូកទឹកភ្លូកដី នៅពេលនេះ អាជ្ញាធរស្រុកមង្គលបូរី សម្រេចបិទមិនឲ្យនាំគ្នាទៅជួបជុំលេងទឹកនៅទីនោះទៀតឡើយ។
នេះបើតាមការផ្សាយនៅលើគណនីហ្វេសប៊ុករបស់លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ បានឲ្យដឹងថា អាជ្ញាធរបានចុះទៅហាមឃាត់ និងប្រើធម៌ក្តៅ ចំពោះបងប្អូនប្រជាពលរដ្ឋណានិយាយមិនចេះស្តាប់ និងផ្គើន នៅតែបន្តនាំគ្នាមកលេងទឹកជួបជុំគ្នាទៀត នឹងដាក់ក្រុមគ្រូពេទ្យយកសំណាករកមេរោគកូវីដ-១៩ នៅទីនោះផ្ទាល់តែម្តង។
សូមជម្រាបថា ក្នុងរយៈពេល២ទៅ៣ថ្ងៃ កន្លងមកនេះ គេបានឃើញប្រជាពលរដ្ឋ ជាពិសេសយុវវ័យប្រុសស្រី បាននាំគ្នាមកលេងទឹកជំនន់លិចផ្លូវនៅទីនោះ មួយថ្ងៃៗមិនតិចជាងរយនាក់នោះទេ ហេតុនេះជាការព្រួយបារម្ភ អាជ្ញាធរស្រុកមង្គលបូរី សម្រេចបិទមិនឲ្យប្រជាពលរដ្ឋទូទៅ នាំគ្នាប្រមូលផ្តុំល្មើសនិងវិធានការក្រសួងសុខាភិបាល ទៅលេងទឹកលិចផ្លូវនោះទៀតឡើយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕