មួយរយៈមុន ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានជ្រាបពីរឿងរ៉ាវស្នេហាប្រេះឆារបស់ពិធីការិនីប្រចាំកម្មវិធីកម្សាន្ត 3Fun ផេនខេក មិនខាន ដែលកាលនោះតារាស្រីរូបនេះ បង្ហោះឡាយវីដេអូផង បង្ហោះសារលើហ្វេសប៊ុកផង ប្រកាសក្ដែងៗថាប្ដីបានក្បត់ចិត្តទៅលួចមានអ្នកថ្មី រហូតផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ខណៈពួកគេទាំងពីរទើបតែចូលរោងការតាមប្រពៃណីជាមួយគ្នាបានប្រមាណជាង ១ ខែប៉ុណ្ណោះ។
ជុំវិញរឿងស្វាមីក្បត់ចិត្តនេះ ផេកខេក ក៏ធ្លាប់បានទម្លាយតាមរយៈការឡាយវីដេអូនិយាយក្ដែងៗទាំងឈឺចាប់ពេញទ្រូងឱ្យដឹងថា ជនទី ៣ ដែលជាបុរសដូចគ្នាជាអ្នកបំបែកបំបាក់ប្ដីជាទីស្រឡាញ់ចេញពីទ្រូង គឺជាមនុស្សដែលនាងទុកចិត្តបំផុត ជាមនុស្សនៅក្បែរខ្លួនដែលនាងគោរពបំផុត ហើយក៏ជាមនុស្សដែលរាប់អានគ្នាដូចបងប្អូនក្នុងក្រុមគ្រួសារតែមួយដែរ។
យ៉ាងណាមិញមកដល់ពេលនេះ មើលទៅ ផេនខេក ក៏ហាក់កាត់ចិត្តពីអតីតស្វាមី លែងនឹកនាស្ដាយស្រណោះ ហើយងាកមកខំប្រឹងធ្វើការរកលុយដើម្បីអនាគតវិញ។ ក្រោយធូរស្រាលអារម្មណ៍ឡើងវិញ ថ្មីៗនេះ ផេនខេក បានបង្ហោះសារមួយ ដែលមហាជនចាប់អារម្មណ៍ឃើញថា សារនោះទំនងជានាងចង់បើកភ្លើងខៀវដល់អ្នកថ្មីដែលស្រឡាញ់នាងពិតប្រាកដ។
ផេនខេក សរសេររៀបរាប់លើហ្វេសប៊ុកថាបើអ្នកណាចង់ស្រឡាញ់នាង មិនចាំបាច់មានលុយ ឡានអ្វីនោះទេ គឺត្រូវការតែ ៣ ចំណុចប៉ុណ្ណោះ ៖ «ស្រឡាញ់ខ្ញុំមិនបាច់ចំណាយអីច្រើនទេ គ្រាន់តែផ្ដល់ស្នាមញញឹម ភាពស្មោះត្រង់ កម្លាំងចិត្ត សម្រាប់ខ្ញុំគ្រប់គ្រាន់ហើយ»៕
អត្ថបទ៖ ប្រជាប្រិយ